Luis Diaz ត្រូវបានគេប្រទះឃើញថាចាកចេញពីកីឡដ្ឋាន Emirates ដោយប្រើឈើច្រត់បន្ទាប់ពីចាញ់ Arsenal 3-2 កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា កន្លងទៅ។
Diaz ត្រូវបានផ្លាស់ប្តូរចេញនៅវគ្គទី១ហើយចូលជំនោះមកវិញដោយខ្សែប្រយុទ្ធ Roberto Firmino។និយាយក្រោយចប់ការប្រកួតទាក់ទងទៅនឹង Diaz និង Arnold លោក Klopp បាននិយាយថា៖ “ជាសំណាងមិនល្អពួកគេត្រូវបានរងរបួស។មើលទៅវាប្រហែលជាមិនមានរឿងល្អឡើយសម្រាប់អ្នកទាំងពីរ”។
កីឡាករវ័យ២៥ឆ្នាំរូបនេះគឺជាកីឡាករដ៏ល្អសម្រាប់ Liverpool ក្នុងរដូវកាលនេះដោយរកគ្រាប់បាល់បាន៣គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន២គ្រាប់ក្នុងការបង្ហាញខ្លួន៨ប្រកួតសម្រាប់ហង្សក្រហម។ប៉ុន្តែសម្រាប់ Liverpool វិញហាក់ចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អឡើយដោយឆ្លងកាត់ការប្រកួត៨ប្រកួតឈ្នះបានតែពីរប្រកួតនិងស្ថិតនៅលេខរៀងទី១០នៃក្របខណ្ឌ Premier League 2022-23។
រឿងអាក្រក់បានកើតឡើងបន្ថែមទៀតដោយសារតែ Liverpool នឹងលេងដោយមិនមាន Diaz រហូតដល់ព្រឹត្តិការណ៍ World Cup Qatar បញ្ចប់ហើយការប្រកួត Premier League នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
យោងតាមរបាយការណ៍ក្នុងប្រទេសកូឡុំប៊ីកីឡាកររូបនេះនឹងអវត្តមានក្នុងការជួយ Liverpool ក្នុងជំនួបធំៗពេលប៉ះជាមួយ Manchester City និង Tottenham Hotspur។រូបគេក៏នឹងខកខានពេលក្រុមប៉ះជាមួយនឹង Rangers , Ajax និង Napoli ផងដែរក្នុងក្របខណ្ឌ Champions League។
ហង្សក្រហម Liverpool បានចាប់ផ្តើមរដូវកាលថ្មី 2022-23 នេះមិនល្អសោះឡើយដោយខុសប្លែកពីរដូវកាលមុនដោយពួកគេបានឈ្នះ FA CUP និង League Cup ហើយបានពីក្រោយក្រុមម្ចាស់ជើងឯក Premier League 2021-22 Man City តែមួយពិន្ទុប៉ុណ្ណោះនិងឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League តែត្រូវបរាជ័យក្រោមថ្វីជើង Real Madrid។