Queen Legends រដូវកាលទី៤ កើនក្រុមខ្លាំងច្រើនជាងមុន ខណៈការប្រកួតភាគច្រើនឈានដល់ Five Games

1 នាទីអាន

ការប្រកួតកីឡាអេឡិចត្រូនិក (E-sports) វិញ្ញាសា Mobile Legends: Bang Bang ផ្នែកនារី ពានរង្វាន់ Queen Legends រដូវកាលទី៤ បានបិទបញ្ចប់ទៅដោយភាពស្វិតស្វាញ និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករ លើសពីរដូវកាលមុនៗ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្ដម លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា។

ថ្លែងបន្ទាប់ពីបញ្ចប់វគ្គផ្ដាច់ព្រ័ត្រ (Grand Final) កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបានសង្កត់ធ្ងន់ថា កម្រិតសមត្ថភាពរបស់ក្រុមចូលរួមមានការកើនឡើងគួរឱ្យកត់សម្គាល់។ ប្រមុខដឹកនាំសហព័ន្ធរូបនេះបានលើកឡើងថា៖
«កាលពីរដូវកាលមុនៗ ក្រុមដែលមានសមត្ថភាពប្រជែងជើងឯកមានត្រឹមតែ ២ក្រុមប៉ុណ្ណោះ ប៉ុន្តែសម្រាប់រដូវកាលទី៤នេះ ក្រុមខ្លាំងបានកើនឡើងរហូតដល់ ៤ ទៅ ៥ក្រុម។ អ្វីដែលកាន់តែពិសេស គឺនៅក្នុងវគ្គ Play-offs ការប្រកួតមានភាពតានតឹងខ្លាំង រហូតឈានដល់ការប្រកួតពេញ ៥ហ្គេម (Five Games) ស្ទើរតែគ្រប់គូ»។

បន្ថែមពីនេះ ឯកឧត្ដម លន់ សាមឌី ក៏បានសម្តែងក្តីរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះសន្ទុះនៃការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកស្នេហាកីឡាអេឡិចត្រូនិក ដែលបានចូលរួមទស្សនា និងស្រែកហ៊ោកញ្ជ្រៀវលើកទឹកចិត្តពេញៗសាល MPL Cambodia Arena។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍ Queen Legends Season 4 មានក្រុមនារីឆ្នើមៗចូលរួមប្រកួតប្រជែងចំនួន ៨ក្រុម។ ជាលទ្ធផល ក្រោយឆ្លងកាត់ការប្រកួតយ៉ាងតឹងតែងតាំងពីវគ្គ Regular Season រហូតដល់ Grand Final ក្រុម Galaxy Phoenix បានវាយបកយកឈ្នះលើក្រុម Valhalla ក្នុងលទ្ធផលយ៉ាងប្រកៀកប្រកិត ៣ ទល់នឹង ២។ ជ័យជម្នះនេះបានជួយឱ្យ Galaxy Phoenix ក្រសោបបានពានរង្វាន់ជើងឯកជាលើកទី២ ជាប់ៗគ្នា ខណៈដែលក្រុម Valhalla បានត្រឹមការសោកស្តាយ ក្នុងការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់ខ្លួន។ ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Weibo Gaming៕

TAGGED: