យុវជនកម្ពុជា១២រូបដឹកនាំដោយក្រុមបាល់ទាត់ Mate Jr. បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមទទួលការបង្ហាត់ពីគ្រូៗជំនាញរយៈពេល១ខែ។
យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ស្ថាបនិកក្រុម Mate Jr. ប្រាប់ថា ការហ្វឹកហាត់រយៈពេល១ខែនៅអាល្លឺម៉ង់នេះធ្វើឡើងនៅក្រុង Arnstadt ដែលជាផ្នែកមួយនៃកម្មវិធីថ្នាលយុវជនរបស់ក្រុម Arnstadt។ អំឡុងនេះ យុវជនទាំងអស់ដែលមានទាំងមកពីប្រទេសផ្សេងៗផងនោះ នឹងហ្វឹកហាត់ ប្រកួតផ្លាស់ប្ដូរបច្ចេកទេស ក៏ដូចជា ទស្សនាការប្រកួតដើម្បីដកស្រង់បទពិសោធ។ បន្ទាប់ពីចប់រយៈពេល១ខែ គ្រូជំនាញនឹងវាយតម្លៃសមត្ថភាព ហើយអ្នកដែលមានលទ្ធផលអាចនឹងបន្តហ្វឹកហាត់នៅអាល្លឺម៉ង់។
យុវជនដដែលរំពឹងថា នឹងទទួលបានបទពិសោធល្អៗដើម្បីអភិវឌ្ឍខ្លួនបន្ថែម ឈានទៅក្ដោបឱកាសចូលរួមក្រុមកម្រិតអាជីពណាមួយ។
សម្រាប់ឱកាសដែលបានចូលរួមទៅហ្វឹកហាត់នេះបានកើតឡើងពីការចម្រាញ់ចេញពីការប្រកួតលក្ខណៈតេស្ដសមត្ថភាពយុវជន ឬ Europe Trial នៅទីលានវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រៀបចំឡើងដោយក្រុមបាល់ទាត់ Mate Jr.។
ការប្រកួតតេស្ដនាពេលនោះមាន៦កម្រិតអាយុ គឺ ក្រោម១០ឆ្នាំ, ក្រោម១២ឆ្នាំ, ក្រោម១៣ឆ្នាំ, ក្រោម១៤ឆ្នាំ, ក្រោម១៦ឆ្នាំ និងក្រោម១៩ឆ្នាំ។
ការប្រកួតលក្ខណៈតេស្ដសមត្ថភាពយុវជន EUROPE Trail នេះមានយុវជនចូលរួមសរុប២៥២នាក់មកពី ១០សាលាផ្សេងគ្នា។ ក្រោយចប់ការប្រកួត យុវជនរឆ្នើមចំនួន១៥រូបត្រូវបានជ្រើសរើសទៅហ្វឹកហាត់នៅអឺរ៉ុប និង ១០នាក់ទៀតទទួលបានការបណ្ដុះបណ្ដាលពី Mate JR Sport រយៈពេល ៣ខែ។
សម្រាប់វិធីនៃការជ្រើសរើសវិញ លោក Joel Arron មកពី Aarron Sport Consulting យុវជនដែលជាប់ក្នុងចំណោម Top Taltent បានបង្ហាញសមត្ថភាពយ៉ាងល្អទាំងការសហការជាក្រុម និងសមត្ថភាពឯកត្តជន៕