កីឡាសក្ដានុពលចំនួន៤ដែលកម្ពុជារំពឹងអាចប្រជែងបានមេដាយនៅ Asian Games 2026

1 នាទីអាន

ប្រភេទកីឡា ជឺជីតស៊ូ ទ្រីអាត្លុង ការ៉ាតេ និងកីឡាអេឡិចត្រូនិក (E-Sports) ត្រូវបានវាយតម្លៃថាជាប្រភេទកីឡាដែលមានសក្តានុពលខ្ពស់បំផុត របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការឈានទៅដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន។ នេះបើយោងតាមការថ្លែងឱ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ឯកឧត្តមបានគូសបញ្ជាក់ថា ការដាក់ក្តីរំពឹងលើប្រភេទកីឡាទាំង៤នេះ គឺផ្អែកលើលទ្ធផល និងកំណត់ត្រាជោគជ័យដ៏លេចធ្លោនាពេលកន្លងមក។ យ៉ាងណាមិញ ឯកឧត្តមបានបន្ថែមដោយប្រុងប្រយ័ត្នថា កម្ពុជាមិនទាន់ហ៊ានអះអាង ១០០% នោះឡើយ ដោយសារតែក្នុងវិស័យកីឡា តែងមានកត្តាប្រែប្រួល និងការប្រកួតប្រជែងប្រៀបដូចជាទីលានជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជានឹងបញ្ជូនប្រតិភូ និងអត្តពលិកសរុបចំនួន ១០៦ នាក់ លើ ១៤ ប្រភេទកីឡា រួមមាន៖ អត្តពលកម្ម, ជឺជីតស៊ូ, ការ៉ាតេដូ, បាល់ទាត់លើតុ, ហែលទឹក, តេក្វាន់ដូ WT, MMA, E-Sports, ប្រដាល់សកល, ទូកក្តោង, ចំបាប់, ទ្រីយ៉ាត្លុង, យូដូ និងសូហ្វតិន្នីស ដើម្បីតំណាងឱ្យជាតិនៅលើឆាកអន្តរជាតិ ដែលការប្រកួតនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែតុលា តទៅ៕