ត្រៀមខ្លួនទស្សនាព្រឹត្តិការណ៍ប្រដាល់ដ៏រំជើបរំជួល! កម្មវិធីប្រដាល់សកលអាជីពដ៏អស្ចារ្យ Dragon the Golden Ring សម្រាប់ខែតុលា ឆ្នាំ២០២៦ នេះ នឹងត្រឡប់មកវិញយ៉ាងកក្រើកនា ថ្ងៃសុក្រ ទី៣០ ខែតុលា នៅលើសង្វៀនសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្វីដែលធ្វើឱ្យទស្សនិកជន និងអ្នកស្នេហាកីឡាប្រដាល់ទន្ទឹងរង់ចាំ និងភ្ញាក់ផ្អើលបំផុតនោះ គឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្មវិធី ដែលមានការប្រកួតគូអន្តរជាតិលំដាប់ជាន់ខ្ពស់រហូតដល់ ៣គូពេញ!
កីឡាករជម្រើសជាតិកម្ពុជាលំដាប់កំពូលទាំង ៣រូប រួមមាន៖ វី សុភ័ស្ស Abdullah Rajapov និង Anvar Nasredinov។
លើសពីនេះ ក៏មានការប្រកួតគូថ្នាលជើងខ្លាំងវ័យក្មេងចំនួន ២គូទៀត ដែលនឹងមកបង្កើនបរិយាកាសជក់ចិត្តដិតអារម្មណ៍ពេញមួយល្ងាច!
លោក ជា លីមីង អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា៖
“ការដំឡើងគូអន្តរជាតិរហូតដល់ទៅ ៣គូជាលើកដំបូងនេះ គឺធ្វើឡើងដើម្បីបង្កើនភាពកក្រើកដល់កម្មវិធី និងជាឱកាសមាសដ៏សំខាន់សម្រាប់កីឡាករជម្រើសជាតិកម្ពុជា ក្នុងការសម្រួចសមត្ថភាព កាយសម្បទា និងបច្ចេកទេសប្រកួតឱ្យកាន់តែមុតស្រួចនៅលើឆាកអន្តរជាតិ!”
គួររំឭកថា កម្មវិធីកីឡាប្រដាល់សកលអាជីព Dragon the Golden Ring ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដោយ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងទទួលបានការឧបត្ថម្ភផ្ដាច់មុខពី ក្រុមហ៊ុន វឌ្ឍនៈ (Vattanac) ដោយរៀបចំឡើងជាទៀងទាត់ចំនួន ១ដង ក្នុងមួយខែ។
