ការបង្វឹកដ៏ប៉ិនប្រសប់របស់ Fabregas បើកផ្លូវឱ្យកីឡាករក្មេងៗនៅ Como ដណ្ដើមបានកៅអីជម្រើសជាតិ

1 នាទីអាន

ការដឹកនាំដ៏មានប្រសិទ្ធភាពរបស់លោក Cesc Fabregas នៅក្លឹប Como បានជួយជំរុញឱ្យកីឡាករវ័យក្មេងជាច្រើនរូបអភិវឌ្ឍសមត្ថភាពយ៉ាងឆាប់រហ័ស រហូតទទួលបានឱកាសកោះហៅចូលក្រុមជម្រើសជាតិទៀតផង។ ក្នុងនោះ ខ្សែការពារអេស្ប៉ាញ Jacobo Ramon និងខ្សែបម្រើប្រយុទ្ធអ៊ីតាលី Mattia Liberali បាននិយាយលើកសរសើរមិនដាច់ពីមាត់អំពីរបៀបដឹកនាំក្រុមរបស់អតីតខ្សែបម្រើ Barcelona និង Arsenal រូបនេះ។

Ramon ដែលបានសម្រេចចិត្តចាកចេញពី Real Madrid ដើម្បីស្វែងរកឱកាសចូលលេងឱ្យបានទៀងទាត់ បានលើកឡើងថា Fabregas មានសមត្ថភាពពិសេសក្នុងការទាក់ទាញចិត្តកីឡាករ ដោយតែងតែពន្យល់ពីយុទ្ធសាស្ត្របានយ៉ាងច្បាស់លាស់ និងត្រូវគ្នាទៅនឹងសមត្ថភាពរបស់គេ ធ្វើឱ្យទាំងកីឡាករ ១១នាក់ដំបូង និងកីឡាករបម្រុង ជឿជាក់ និងមានឆន្ទៈខ្ពស់ក្នុងការប្រកួត។

ចំណែកឯ Mattia Liberali វិញថា ការផ្លាស់ប្តូរពីលីគកម្រិតទីពីរ Serie B មកកាន់ការប្រកួតប្រជែងដ៏ស្មុគស្មាញនៅ Serie A និង UEFA Champions League មិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការផ្តល់ទំនុកចិត្តពី Fabregas បានជួយរូបគេយ៉ាងច្រើន។ នៅក្នុងការប្រកួត Champions League ពេលយកឈ្នះលើក្រុម Lens រូបគេបានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួន រហូតដល់ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអ៊ីតាលីជាលើកដំបូងពីលោក Roberto Mancini ដែលរូបគេបានចាត់ទុកថាជាពេលវេលាដ៏ល្អបំផុតនៅក្នុងជីវិតបាល់ទាត់របស់ខ្លួន។

គុណផលដ៏ល្អរបស់ Ramon ធ្វើឱ្យគេ ទទួលបានការកោះហៅពីគ្រូបង្វឹក Luis de la Fuente ចូលក្រុមជម្រើសជាតិអេស្ប៉ាញ។ រីឯ Liberali វិញ ត្រូវត្រៀមខ្លួនជួយជម្រើសជាតិអ៊ីតាលីក្នុងការប្រកួត UEFA Nations League តទល់នឹងក្រុមបារាំង និងប៊ែលហ្សិក។

នៅក្នុង FIFA Days លើកនេះ ក្លឹប Como មានកីឡាកររហូតដល់ ១២នាក់ ត្រូវជាប់កាតព្វកិច្ចជម្រើសជាតិ ដែលបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្លឹប។ ក្នុងនោះ ក្រៅពី Ramon និង Liberali ក៏មានកីឡាករវ័យក្មេង Riccardo Cassano បានចូលរួមក្រុមអ៊ីតាលី ហើយប្រធានក្រុម Lucas Da Cunha ដែលត្រូវចូលរួមជាមួយក្រុមជម្រើសជាតិបារាំងផងដែរ។

ជារួម កីឡាករវ័យក្មេងទាំងអស់បានទទួលស្គាល់ថា ការធ្វើការ និងហ្វឹកហាត់ប្រចាំថ្ងៃជាមួយគ្រូបង្វឹកដ៏ប៉ិនប្រសប់ ដូចជា Fabregas បានបង្កើនសមត្ថភាពរបស់ពួកកាន់តែល្អ និងឆាប់រហ័ស ដ្បិតនៅវ័យក្មេងក៏ដោយ ដែលធ្វើឱ្យ Como ក្លាយជាក្លឹបមួយកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន៕

TAGGED: