លោក Kozo Tashima បានក្លាយជាបេក្ខភាពឈរឈ្មោះប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ជាផ្លូវការហើយ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់ជប៉ុន(JFA) បានប្រកាសកាលពីថ្ងៃពុធ។
លោក Tashima វ័យ ៦៨ឆ្នាំ ជាប្រធានកិត្តិយសនៃ JFA និងជាអតីតសមាជិកក្រុមប្រឹក្សា FIFA ស្ថិតក្នុងចំណោមគូប្រជែងតំណែង ប្រធាន FIFA បច្ចុប្បន្ន លោក Gianni Infantino ដែលកំពុងប្រឈមមុខនឹងសម្ពាធ។
លោក Tashima ធ្លាប់មានបទពិសោធយ៉ាងច្រើនក្រាស់ក្រែលក្នុងបាល់ទាត់ ដោយឆ្លងកាត់អាជីពជាកីឡាករ គ្រូបង្វឹក និងជាមន្ត្រីកីឡា និងជាបុគ្គលដែលទទួលបានការជឿទុកចិត្តម្នាក់។ លោកបានបញ្ជាក់ពីគោលជំហររបស់លោក ចេញផ្សាយដោយ JFA ថា៖ «យើងនឹងចែករំលែកជាមួយពិភពលោកនូវសារៈសំខាន់នៃស្មារតីលេង (Fair Play) ការគោរព និងភាពស្មោះត្រង់ ដែលជាតម្លៃស្នូលនៃកីឡាបាល់ទាត់។ ដោយមានបេសកកម្មយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ខ្ញុំនឹងទទួលយកការប្រកួតប្រជែងនេះ ដើម្បីឱ្យ FIFA ក្លាយជាស្ថាប័នដែលដើរផ្លូវត្រឹមត្រូវ មានទំនុកចិត្តជាងមុន និងរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍវិស័យបាល់ទាត់ជុំវិញពិភពលោក»។
ការឈរឈ្មោះប្រជែងរបស់លោក Tashima ហាក់មានភាពប្រទាំងប្រទើសជាមួយ សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដោយសារ AFC កាលពីខែមុនបានប្រកាសគាំទ្រលោក Infantino ឱ្យបន្តដឹកនាំ FIFA។ ក្រៅពី AFC លោក Infantino ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) និងតំបន់អាមេរិកខាងត្បូង (CONMEBOL) ផងដែរ។
ចំណែកឯបេក្ខភាពផ្សេងទៀត អតីតខ្សែការពារក្រុម Tottenham Hotspur សញ្ជាតិស្វីស លោក Ramon Vega ក៏បានបង្ហាញពីបំណងឈរឈ្មោះផងដែរ ខណៈលោក Arsene Wenger អតីតអ្នកចាត់ការ Arsenal និងជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលធ្លាប់ត្រូវបានគេចាត់ទុកជាបេក្ខជនប្រជែងដ៏មានសក្តានុពលពីអឺរ៉ុប បានសម្រេចចិត្តមិនចូលរួមប្រកួតប្រជែងឡើយ។
ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី នឹងប្រព្រឹត្តទៅក្នុង (FIFA Congress) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំក្រោយ នៅក្នុងទីក្រុងរ៉ាបាត (Rabat) ប្រទេសម៉ារ៉ុក ដោយសមាជិកទាំង ២១១ របស់ FIFA នឹងមានសិទ្ធិបោះឆ្នោតមួយសំឡេងដូចៗគ្នា។
