ខ្សែប្រយុទ្ធឆ្នើមអេហ្ស៊ីប Mohamed Salah ក្លាយជាម្ចាស់ឯតទគ្គកម្មគ្រាប់បាល់ច្រើនបំផុតសម្រាប់ Liverpool ក្នុងពាន UEFA Champions League បន្ទាប់ពីរកបាន១គ្រាប់ក្នុងជំនួបស្មើ១-១នៅទឹកដី FC Midtjylland យប់ថ្ងៃពុធទី៩ខែធ្នូឆ្នាំ២០២០។
ក្រុមលោក Jurgen Klopp ធានាបានកៅអីវគ្គ១៦ក្រុមចុងក្រោយស្រាប់ទៅហើយមុនប៉ះ Midtjylland តែពួកគេបានចាប់ផ្ដើមយ៉ាងឥតខ្ចោះនៃការប្រកួតបង្ហើយពូល D ដោយ Salah ស៊ុតគ្រាប់នាំមុខតាំងពីវិនាទី៥៥។
នោះជាគ្រាប់បាល់ទី២២របស់ Salah ក្នុងពាន UCL ដែលវ៉ាលើសកំណត់ត្រាវីរបុរស Steven Gerrard។ លើសពីនេះ នោះជាគ្រាប់បាល់លឿនបំផុតដែលក្រុមហង្សក្រហមរកបានក្នុងពានក្លិបអាជីពទ្វីបអឺរ៉ុបលំដាប់កំពូលនេះ។
លោក Klopp សរសើរ Salah ថាពិតជាកីឡាករដ៏វិសេសវិសាលពិតៗ។ តាំងពីលោកបានធ្វើការជាមួយ Salah មក អ្វីៗដំណើរការល្អណាស់សម្រាប់ Liverpool។
Liverpool បាន១៣ពិន្ទុពី៦ប្រកួតក្នុងពូល D ឈ្នះលេខ១ប្រចាំពូល ខណៈ Atalanta មាន១១ពិន្ទុឈរលេខរៀងទី២ និង Ajax មាន៧ពិន្ទុ ឈរលេខរៀងទី៣ បានកៅអីលេង Europa League វគ្គ៣២ក្រុមចុងក្រោយ៕