ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានទម្លាយឱ្យដឹងថា គេកៀកនឹងផ្ទេរមកកាន់ Manchester United ក្រោយលេងបានពីរឆ្នាំឱ្យក្លិប Borussia Dortmund។
រំឭកកាលពីឆ្នាំ២០១២ ដែលកាលនោះលោក Sir Alex Ferguson ដែលកាលនោះនៅជាអ្នកចាត់ការក្លិបបិសាចក្រហម បានតេទៅ Lewandowski ដើម្បីបញ្ចុះបញ្ចូលឱ្យ ខ្សែប្រយុទ្ធប៉ូឡូញ ព្រមផ្ទេរមកកាន់ទឹកដី Old Trafford ហើយរូបគេផ្ទាល់ក៏ចង់មកក្លិបអង់គ្លេសដែរ ប៉ុន្ដែត្រូវបាន Dortmund រារាំង។
នៅក្នុងបទសម្ភាសរបស់ The Guardian ខ្សែប្រយុទ្ធលេខ៩រូបនេះបាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយគាត់(Ferguson) បន្ទាប់ពីលេងពីរឆ្នាំនៅ Dortmund ហើយនៅពេលនោះ ខ្ញុំកំពុងគិតពីការផ្លាស់ទៅ Manchester United។ ព្រោះតែលោក Ferguson ព្រោះតែ Manchester Untied”។
“Borussia Dortmund បានតបថា: ‘ទេ ចម្លើយគឺបែបនេះ’។ ពេលនោះជាលើកដំបូងដែលខ្ញុំគិតពីការផ្លាស់ចេញ ព្រោះអ្នកទទួលបានការហៅទូរស័ព្ទពី Sir Alex Ferguson, សម្រាប់កីឡាករវ័យក្មេង វាជាអ្វីដែលអស្ចារ្យណាស់។ នោះគឺជាថ្ងៃពិសេសសម្រាប់ខ្ញុំ”។
ពីរឆ្នាំបន្ទាប់ Lewandowski បានផ្ទេរពី Dortmund ទៅចូលរួម Bayern Munich ដោយពុំមានតម្លៃផ្ទេរ ដែលធ្វើឱ្យអ្នកគាំទ្រ Dortmund មួយចំនួនធំមានការខឹងសម្បារយ៉ាងខ្លាំង។
សម្រាប់ការប្រកបអាជីពនៅ Dortmund ខ្សែប្រយុទ្ធប៉ូឡូញ រកគ្រាប់បាល់បាន១០៣គ្រាប់ពី ១៨៧ប្រកួត ហើយនៅ Bayern កីឡាកររូបនេះ រកបាន២២៩គ្រាប់ ក្នុងចំណោមការចូលលេង២៧៤លើក ខណៈនៅជម្រើសជាតិប៉ូឡូញ កំពូលអ្នកបញ្ចប់ទីរូបនេះ រកបាន៦៣គ្រាប់ ពីការបង្ហាញខ្លួន ១១៦ប្រកួត៕