ក្រោយ Granit Xhaka រងពិន័យកាតក្រហមក្នុងនាទី៥៦ដោយសារទង្វើហិង្សាលើទីលាន, ប្រធានក្រុម Pierre-Emerick Aubameyang តែតបាល់លើកចេញពីជ្រុងចូលទីខ្លួនឯងពេលព្យាយាមជួយការពារក្នុងនាទី៧៣ បណ្ដាលឱ្យ Arsenal ចាញ់ក្រុមកំពុងយ៉ាប់យ៉ឺន Burnley ០-១ ក្នុងទឹកដីខ្លួនឯង។
ក្រុម Arsenal បង្វឹកដោយលោក Mikel Arteta ពេលនេះបានបរាជ័យក្នុងទឹកដីខ្លួនឯងក្នុងលីគ៤ប្រកួតជាប់គ្នាជាលើកដំបូងតាំងពីឆ្នាំ១៩៥៩មក។
លោក Arteta និយាយថាកាតក្រហមរបស់ Xhaka ជារឿងមិនអាចទទួលយកបាន។
នេះជាជ័យជម្នះលីគកំពូលលើកទី១របស់ Burnley លើ Arsenal តាំងពីខែកញ្ញាឆ្នាំ១៩៧៤មក បញ្ចប់ភាពមិនឈ្នះ១៥ប្រកួតជាប់គ្នាទល់នឹងក្រុមកាំភ្លើងធំ(ស្មើ៤ ចាញ់១១)។
ការរកបានសរុប១០គ្រាប់ក្រោយចាប់ផ្ដើម Premier League ១២ប្រកួតរដូវកាលនេះ ជាតួលេខទាបបំផុតរបស់ Arsenal ក្នុងលីគកំពូលអង់គ្លេសតាំងពីរដូវកាល១៩៨១-៨២មក (៨គ្រាប់)។
តាំងពីលោក Arteta ចូលកាន់តំណែងអ្នកចាត់ការក្នុងខែធ្នូឆ្នាំ២០១៩មក Arsenal រងពិន័យកាតក្រហម៦ដងក្នុង Premier League ច្រើនជាងក្រុមដទៃទ្វេដង។
Arsenal ពេលនេះឈរលេខរៀងទី១៥ក្នុងលីគ ស្របពេល Burnley ឡើងផុតតំបន់ក្រហម មកឈរលេខរៀងទី១៧ នៅលើ Fulham ១ពិន្ទុ៕