ពានរង្វាន់បុគ្គលឆ្នើមនិងក្រុមឆ្នើមក្នុងវិស័យកីឡា (Sports Personality of the Year) ដែលរៀបចំដោយស្ថាប័នសារព័ត៌មានធំបំផុតមួយក្នុងពិភពលោក BBC បានចេញបញ្ជីជ័យលាភីប្រចាំឆ្នាំ២០២០ជាផ្លូវការហើយ។
ក្នុងនោះ ជើងឯកពិភពលោកប្រណាំងរថយន្ត F1: Lewis Hamilton ត្រូវបានបោះឆ្នោតជាប់ជាម្ចាស់ពាន Sports Personality of the Year Award។ ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ ដើម្បីផ្ដល់ពានរង្វាន់ដល់អ្នកកីឡារូបណាដែលសកម្មភាពរបស់គេបានច្បាមយកក្ដីស្រមៃរបស់សាធារណជនបានច្រើនជាងគេបំផុត។
លោក Jurgen Klopp អ្នកចាត់ការក្រុមបាល់ទាត់ Liverpool ឈ្នះពានរង្វាន់ Sports Personality of the Year Coach Award។ ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីផ្ដល់ជូនគ្រូបង្វឹកណាដែលបានជះឥទ្ធិពលធំធេងបំផុតក្នុងវិស័យកីឡាអង់គ្លេស។ លោក Klopp បានដឹកនាំ Liverpool ឈ្នះជើងឯក Premier League ២០១៩-២០ ដែលជាការបញ្ចប់ការរង់ចាំអស់រយៈពេល៣០ឆ្នាំសម្រាប់ក្លិបបាល់ទាត់មួយនេះ ហើយថែមទាំងឈ្នះដោយការបង្កើតកំណត់ត្រាពិសេសៗជាច្រើនផ្សេងទៀតក្នុងលីគកំពូលអង់គ្លេស។ បុរសជនជាតិអាល្លឺម៉ង់រូបនេះក៏ទើបតែបានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមបំផុតរបស់ FIFA ប្រចាំឆ្នាំ២០២០ ធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកបាល់ទាត់ទី១ដែលឈ្នះពានរបស់ FIFA នេះ២ដងជាប់គ្នា។
ពានរង្វាន់ Expert Special Panel Award បានទៅលើ Marcus Rashford ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេសរបស់ក្លិប Manchester United ចំពោះការងាររបស់គេក្នុងការលើកកម្ពស់ការយល់ដឹងអំពីចំណីអាហារសម្រាប់កុមារក្រីក្រក្នុងប្រទេសអង់គ្លេស។
ពានរង្វាន់ Sports Personality Team of the Year Award បានទៅលើ Liverpool FC។ ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ដើម្បីផ្ដល់ជូនក្រុមណាដែលសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាងគេក្នុងវិស័យកីឡាអង់គ្លេស។
ពានរង្វាន់ BBC Sports Unsung Hero Award បានទៅលើលោក Sgt Matt Ratana។ ពាននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីផ្ដល់ជូនដល់បុគ្គលណាដែលបានលះបង់ពេលវេលានិងទេពកោសល្យធ្វើការដោយស្ម័គ្រចិត្តក្នុងការធ្វើឱ្យអ្នកដទៃចូលរួមក្នុងកីឡា។
ពាន Young Sports Personality of the Year បានលើ Andrea Spendolini-Sireieix។ ពាននេះត្រូវបានបង្កើតក្នុងឆ្នាំ១៩៩៩ ដើម្បីផ្ដល់ជូនអ្នកកីឡាវ័យក្មេងរូបណាដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងវិស័យកីឡាអង់គ្លេស។
ពាន Captain Tom Young Unsung Hero បានទៅលើលោក Tobias Weller៕