Neymar Jr. ត្រូវបានទទួលស្គាល់ថា ជាកីឡាករឆ្នើមមួយរូបដែលមានទេពកោសល្យ នៅលើទីលានប្រកួត និងជាកីឡាករដែលទទួលបានកំរៃខ្ពស់ពីអាជីពជាកីឡាករបាល់ទាត់ផងដែរ។
ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ទទួលបាន ៧០ម៉ឺនអឺរ៉ូក្នុងមួយសប្ដាហ៍ ពីក្លិបបារាំង ហើយបើគិតជាឆ្នាំ រូបគេទទួលបាន ៣៦,៨លានអឺរ៉ូ(៤១លានដុល្លារ) ចាប់តាំងពីផ្ទេរមកកាន់ទឹកដី Parc des Princes នៅរដូវក្ដៅឆ្នាំ ២០១៧។
បើតាមការចុះផ្សាយរបស់វេបសាយ Forbes នៅឆ្នាំ២០២០បង្ហាញថា Neymar មានទ្រព្យសម្បត្តិសរុប ៩៥លានដុល្លារ។ ប៉ុន្ដែមុននឹងអាចក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ល្អឈ្មោះ និង ទទួលបានចំណូលយ៉ាងច្រើនបែបនេះ Neymar ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ?
Neymar ចាប់កំណើតនៅ តំបន់ Mogi das Cruzes ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ១៩៩២ មានឪពុកឈ្មោះ Neymar Santos Sr (ដែលជាអតីតកីឡាករបាល់ទាត់) និង ម្ដាយឈ្មោះ Nadine Santos។
Neymar បានកើតនៅក្នុងគ្រួសារដែលមានជីវភាពលំបាក បន្ទាប់ពីឪពុករបស់គេ បានបោះបង់អាជីពជាកីឡាករបាល់ទាត់នៅប្រេស៊ីល ហើយពេលខ្លះពួកគេប្រើប្រាស់ពន្លឺភ្លើងទៀន ដើម្បីបំភ្លឺផ្ទះ ដោយសារខ្វះខាតក្នុងការចំណាយថ្លៃអគ្គិសនី។
នៅក្នុងឆ្នាំ២០០៣ Neymar និង គ្រួសាររបស់គេ បានផ្លាស់ទៅរស់នៅទីក្រុង Sao Vicente ជាទីដែលរូបគេ ចូលរួមលេងឱ្យឈុតយុវជនរបស់ក្រុម Portuguesa Santista។ ដោយសម្លឹងឃើញទេពកោសល្យដ៏ល្អរបស់ Neymar ក្លិប Santos បានសម្រេចចុះកុងត្រាផ្ទេរ រូបគេមកឈុតយុវជនរបស់ក្លិប ព្រមទាំងជួយផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារឱ្យមានភាពល្អប្រសើរ។
ឆ្នាំ ២០០៥ ជាពេលដែល Neymar កំពុងមានឈ្មោះបោះសំឡេង ជាមួយនឹងទេពកោសល្យ និងភាពចាស់ទុំ។ ខ្សែប្រយុទ្ធប្រេស៊ីល ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid ដែលចង់បានរូបគេមកចូលរួមជាមួយអតីតមិត្តរួមក្រុម Robinho។ កីឡាករវ័យក្មេងសំបូរបច្ចេកទេស បានធ្វើតេស្ដជាប់ នៅមជ្ឈមណ្ឌលហ្វឹកហាត់ Valdebebas របស់ក្លិប Real Madrid ហើយក្លិបអេស្ប៉ាញ ក៏រំពឹងថាអាចយករូបគេមកចូលរួមដែរ។ ប៉ុន្ដែ ក្លិប Santos បានជំទាស់ ព្រោះតម្លៃដែលចរចាតិចជាងតម្លៃដែលពួកគេចង់បាន ហើយបានយកលេសថា ខុសនឹងលក្ខខណ្ឌកំណត់នៅក្នុងកុងត្រា ហើយចុងក្រោយការចរចាផ្ទេរត្រូវបរាជ័យ។
ក្រៅពីក្លិប Real Madrid ក៏មានក្លិបបារាំង Lyon ផងដែរ ដែលព្យាយាមចង់ទិញ Neymar នៅឆ្នាំ២០០៩ ដើម្បីមកជំនួស Juninho ដែលបានចាកចេញ។ ប៉ុន្ដែការផ្ទេរមិនអាចធ្វើទៅបាន ដោយសារភាពស្មុគស្មាញនៃលក្ខខណ្ឌហិរញ្ញវត្ថុជាច្រើនដែលបានកំណត់ នៅលើកុងត្រារបស់គេ។
ស្ថានភាពសេដ្ឋកិច្ចគ្រួសារ Neymar កាន់តែរីកចម្រើន នៅក្នុងវ័យ១៥ឆ្នាំ ខ្សែប្រយុទ្ធរូបនេះ ទទួលបាន ១០០០០ រៀលប្រេស៊ីល(ជិត២០០០ដុល្លារអាមេរិក) ក្នុងមួយខែ ហើយកើនទៅ ១២៥,០០០រៀលប្រេស៊ីល(២៨៨០០ដុល្លារអាមេរិក) នៅឆ្នាំបន្ទាប់។ នៅពេលមានអាយុ១៧ឆ្នាំ Neymar បានចុះកុងត្រាជាកីឡាករអាជីព និងតម្លើងមកឈុតធំរបស់ Santos ហើយនៅក្នុងរដូវកាលដំបូង គេរកគ្រាប់បាល់បាន១៤គ្រាប់ ក្នុងចំណោម៤៨ប្រកួត។
នៅក្នុងវ័យ១៩ឆ្នាំ Neymar ទទួលបានចំណងដៃកូនប្រុសដំបូងឈ្មោះ Lucca David នៅឆ្នាំ២០១១ជាមួយអតីតមិត្តស្រី Carolina Dantas។ ខ្សែប្រយុទ្ធប្រេស៊ីលបាននិយាយថា៖ “ខ្ញុំយំនៅពេលដែលខ្ញុំលឺថា ខ្ញុំនឹងក្លាយជាឪពុកគេ។ ដំបូងឡើយ ខ្ញុំមានការភ័យខ្លាច ហើយក្រោយមកខ្ញុំមានអារម្មណ៍រីករាយ។ វាជាទំនួលខុសត្រូវថ្មីមួយ”។
ក្រោយទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ច្រើនលើសលប់ ហើយនឹងការផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនល្បីៗផ្សេងៗ Neymar មានលទ្ធភាពក្នុងការទិញនាវាកំសាន្ដ ដែលមានតម្លៃ ៨លានដុល្លារ ប្រវែង២៥ម៉ែត្រ គ្រប់គ្រាន់សម្រាប់កម្មវិធីជប់លៀង ដែលមានអ្នកចូលរួមច្រើន។
នៅខែវិច្ឆិកាឆ្នាំ ២០១២ ទស្សនាវដ្ដី Forbes បានទំលាយឱ្យដឹងថា ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ។ ខ្សែប្រយុទ្ធប្រេស៊ីល ទើបតែចុះហត្ថលេខាជាមួយ Santos ទទួលបានប្រាក់ឈ្នួលជិត៧លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្ដែនៅពេលនោះ Neymar បានចាយវាយលើសចំណូលដែលខ្លួនរកបាន ដូចជាទៅលើការចំណាយផ្គត់ផ្គង់គ្រួសារ ថ្លៃអាផាតមិន ការទិញរថយន្ដ និង នាវាទេសចរណ៍ដែលមានតម្លៃ ៨លានដុល្លារ ធ្វើឱ្យ Neymar គិតអ្វីលែងចេញ។
បន្ទាប់ពីបរាជ័យក្នុងការផ្ទេរទៅកាន់ក្លិបធំៗមួយចំនួននៅអឺរ៉ុប ចុងក្រោយ Neymar បានសម្រេចការចូលរួមជាមួយ Barcelona នៅក្នុងឆ្នាំ ២០១៣ ជាមួយកុងត្រារយៈពេល៥ឆ្នាំ។ ប្រភពមិនផ្លូវការបានទំលាយឱ្យដឹងថា ដើម្បីអាចបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបាន ក្លិបអ្នកមានបុណ្យបានចំណាយជិត១០០លានអឺរ៉ូ ដោយ៥៧,១លានអឺរ៉ូ សម្រាប់ក្លិប Santos និង ៤១លានអឺរ៉ូ សម្រាប់ Neymar។
សម្រាប់ការប្រកបអាជីពជាមួយក្លិបអ្នកមានបុណ្យ Neymar បានកសាងកេរ្ដិ៍ឈ្មោះកាន់តែល្បីរន្ទឺ នៅពេលដែលគេលេងរួមគ្នានៅតំបន់ប្រយុទ្ធជាមួយ Lionel Messi និង Lius Suarez ត្រូវបានគេឱ្យរហស្សនាមថា MSN។
ប៉ុន្ដែនៅខែកក្កដាឆ្នាំ ២០១៧ Neymar បានផ្លាស់ទៅចូលរួមជាមួយ Paris Saint-Germain ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រា ឯតទគ្គកម្ម ២២២លានអឺរ៉ូ៕