កំពូលអ្នកប្រដាល់ម៉ិកស៊ីកូ Saul Canelo Alvarez បានបញ្ចេញគុណផលសឹងតែល្អឥតខ្ចោះដើម្បីផ្ដួលជើងខ្លាំងអង់គ្លេសឈ្នះគ្រប់ប្រកួត Callum Smith ឱ្យភ្លក់បរាជ័យលើកដំបូងក្នុងអាជីព និងដណ្ដើមយកខ្សែក្រវាត់ WBA world super-middleweight។
កីឡាករវ័យ៣០ឆ្នាំ Alvarez រះត្រដែតលើសង្វៀនក្នុងរដ្ឋតិចសាស ត្រួតត្រាទាំង១២ទឹកនៃការប្រកួតទល់ Smith ថ្ងៃទី១៩ខែធ្នូ (ត្រូវនឹងថ្ងៃទី២០ខែធ្នូឆ្នាំ២០២០នៅកម្ពុជា) តាមរយៈការដាក់សម្ពាធឥតឈប់ឈរ ការវាយចេញធ្ងន់ច្បាស់ៗ និងការពារខ្លួនបានយ៉ាងល្អ។
មុនប៉ះ Alvarez ជើងខ្លាំងអង់គ្លេស Smith វ័យ៣០ឆ្នាំ បានប្រកួត២៧ដងឈ្នះទាំងអស់ ជាមួយកំណត់ត្រាផ្ដួលគូបដិបក្ខសន្លប់១៩លើក។
តែនៅក្នុងប្រកួតទី២៨នៃអាជីពរបស់ខ្លួន Smith បានចាញ់ពិន្ទុដោយឯកច្ឆ័ន្ទ ដោយចៅក្រមទាំង៣ បានផ្ដល់ពិន្ទុឱ្យ Alvarez ឈ្នះ១១៩ទល់១០៩, ១១៩ទល់១០៩ និង១១៧ទល់១១១។
Smith និយាយប្រាប់ DAZN ក្រោយការប្រកួតថា៖ «ខ្ញុំខូចចិត្តខ្លាំងណាស់។ ខ្ញុំមកទីនេះដើម្បីឈ្នះ។ ប៉ុន្តែគ្មានលេសអ្វីទេ គាត់(Alvarez)ល្អខ្លាំងណាស់។ គាត់ឆ្លាតនិងឈ្លាសវៃណាស់។ គាត់បិទមិនឱ្យយើងវាយបាននិងរៀបអន្ទាក់បញ្ឆោតយើងបានល្អ»។
Alvarez បានឈ្នះ៥ប្រកួតចុងក្រោយជាប់ៗគ្នាតាំងពីរួចផុតពីបម្រាម៦ខែដោយសារបរាជ័យតេស្តរកសារធាតុញៀនក្នុងឆ្នាំ២០១៨។ ក្នុងការប្រកួតប្រដាល់សកលអាជីព៥៧លើកក្នុងពេល១៥ឆ្នាំមកនេះ Alvarez ចាញ់តែ១ដងគត់ គឺបរាជ័យក្រោមថ្វីដៃ Floyd Mayweather ក្នុងខែកញ្ញាឆ្នាំ២០១៣ និងស្មើ២ដង ក្រៅពីនោះគឺជ័យជម្នះទាំងអស់ ជាមួយកំណត់ត្រាផ្ដួលគូប្រកួតសន្លប់៣៦ដង៕