អតីតគ្រូបង្វឹក Spurs លោក Christian Gross ដែលបានចាកចេញពីតំណែងនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli ក្នុងខែកុម្ភៈ ពេលនេះត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីទី១របស់ក្លិប Schalke ដែលកំពុងដុនដាបខ្លាំងក្នុងរដូវកាល២០២០-២១នេះ។
Schalke កំពុងនៅចំណាត់ថ្នាក់បាតតារាងក្នុង Bundesliga ក្រោយលេងបាន១៣ប្រកួត ដោយស្មើ៤ដង ចាញ់៩ដង។ ពួកគេបានបញ្ឈប់អ្នកចាត់ការ៣នាក់រួចហើយក្នុងរដូវកាលនេះ រួមមានលោក David Wagner, Manuel Baum និងលោក Huub Stevens។
លោក Gross បានចុះកិច្ចសន្យាដឹកនាំ Schalke ដល់ចប់រដូវកាលនេះ។ លោកនិយាយថាលោកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ក្លិប។
សូមរំឭកថា ក្រោយផ្ដើមការងារបង្វឹកនៅក្លិប Wil និង Grasshopper លោក Gross ជនជាតិស្វ៊ីសវ័យ៦៦ឆ្នាំ ធ្លាប់ដឹកនាំ Spurs ក្នុងឆ្នាំ១៩៩៧ តែនៅបានតែក្រោមរយៈពេល១០ខែប៉ុណ្ណោះ។
លោកបានដឹកនាំ Basel ពីឆ្នាំ១៩៩៩ដល់២០០៩ រួចដឹកនាំ Stuttgart ក្នុងរដូវកាល២០០៩-១០ មុនវិលទៅស្វ៊ីស ដឹកនាំ Young Boys ក្នុងរដូវកាល២០១១-១២។ លោកមកអាស៊ីក្នុងឆ្នាំ២០១៤ ដឹកនាំ Al-Ahli ២លើកផ្សេងគ្នា រួចទៅបង្វឹកក្លិបអេហ្ស៊ីប Zamalek ក្នុងរដូវកាល២០១៨-១៩ មុនមកបង្វឹក Al Ahli វិញក្នុងឆ្នាំ២០១៩ តែបានចាកចេញក្នុងខែកុម្ភៈឆ្នាំ២០២០៕