មកទល់ពេលនេះមានកីឡាករបាល់ទាត់មីយ៉ាន់ម៉ា៥នាក់កំពុងប្រកបអាជីពក្នុងប្រទេសថៃ បន្ទាប់ពីខ្សែប្រយុទ្ធ Aung Kaung Mhan បានចូលរួមក្លិប Khon Kaen United នៃ Thai League 2 លើកិច្ចសន្យាខ្ចីមួយរដូវកាល។
Aung Kaung Mhan បានចាប់ផ្ដើមលេងក្នុងលីគប្រទេសថៃកាលពីដើមឆ្នាំ២០២០នេះ ដោយលេងឱ្យក្លិបមួយទៀតក្នុងលីគទី២ថៃ គឺ Lampang FC មុនមកចូលរួម Khon Kaen United។
Aung Kaung Mhan បានបង្ហាញគុណផលល្អជាមួយក្លិបមុន និងបានស៊ុតចូលផងដែរក្នុងប្រកួតចុងក្រោយរបស់គេ។
គិតត្រឹមនេះមានកីឡាករបាល់ទាត់មីយ៉ាន់ម៉ា៥នាក់កំពុងប្រកបអាជីពក្នុងក្លិបថៃ រួមទាំង Zaw Min Tun (ខ្សែការពារកណ្ដាលវ័យ២៩ឆ្នាំ, លេងឱ្យ Chonburi ក្នុងឆ្នាំ២០១៩ មុនចូលរួម Sukhothai ក្នុងឆ្នាំ២០២០), Swam Lamang និង Kyaw Ko Ko ចាប់តាំងពី Aung Thu ចូលរួម Buriram United អំឡុងទីផ្សារផ្ទេរពាក់កណ្ដាលរដូវកាលមក។
Aung Thu វ័យ២៥ឆ្នាំ បានផ្ទេរពី Yadanarbon ចូលរួម Buriram United ជាអចិន្ត្រៃយ៍ដោយមានតម្លៃផ្ទេរ៥ម៉ឺនដុល្លារ។ កីឡាករកម្ពស់១.៦៨ម៉ែត្ររូបនេះបានផ្ដើមលេងក្នុងលីគកំពូលថៃជាមួយក្លិប Police Tero ក្នុងឆ្នាំ២០១៨ រួចលេងឱ្យ Muangthong United ក្នុងឆ្នាំ២០១៩លើកិច្ចសន្យាខ្ចីទាំង២។
Ang Thu ជាប់ជម្រើសជាតិមីយ៉ាន់ម៉ា តាំងពី U17, U20, U23 និងក្រុមធំ។ គេបានលេងក្នុងព្រឹត្តិការណ៍ FIFA U20 World Cup 2015 ហើយបានស៊ុតចូលម្ចាស់ផ្ទះនូវែលហ្សេឡង់ក្នុងការបង្ហាញខ្លួនលើកទី១ទៀតផង។
ចំណែកខ្សែប្រយុទ្ធស្លាបជម្រើសជាតិU22មីយ៉ាន់ម៉ា Hein Htet Aung នឹងចូលរួមក្លិបម៉ាឡេស៊ីក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីផុតកិច្ចសន្យាជាមួយក្លិប Hantharwady United។ កីឡាករវ័យ១៩ឆ្នាំរូបនេះកំពុងចរចាជាមួយក្លិបក្នុងលីគកំពូលម៉ាឡេស៊ី ហើយរំពឹងថានឹងត្រូវរ៉ូវគ្នានាចុងខែនេះ។
Hein Htet Aung ដុះដាលចេញពីថ្នាលសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា និងបានផ្ដើមអាជីពក្នុងឆ្នាំ២០១៨នៅក្លិប Hantharwady United មកទល់ដំណាច់រដូវកាល២០២០។ គេចូលលេងបាន៥៤លើក និងរកបាន៩គ្រាប់ រួមចំណែកជួយក្លិបនេះបានជើងឯករងលីគ។
តាមប្រភពព័ត៌មានរបស់មីយ៉ាន់ម៉ា កីឡាកររូបនេះនឹងចុះកិច្ចសន្យាយ៉ាងហោច២ឆ្នាំជាមួយក្លិបម៉ាឡេស៊ី៕