ក្លិប Athletic Bilbao បានសម្រេចបណ្ដេញគ្រូបង្គោល Gaizka Garitano ចេញពីតំណែង ប៉ុន្មានម៉ោងបន្ទាប់ពីទទួលជ័យជម្នះ ១-០ លើ Elche នៅ La Liga កាលពីរាត្រីថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១។
ក្លិបដែលមានមូលដ្ឋាននៅតំបន់ Basque បានចេញសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីចប់ការប្រកួត ប៉ុន្ដែពុំបានបញ្ជាក់ពីមូលហេតុ នៃការចាកចេញរបស់គ្រូបង្គោលវ័យ៤៥ឆ្នាំរូបនេះឡើយ។
លោក Garitano ត្រូវបានតំឡើងមកដឹកនាំក្រុមឈុតធំរបស់ Athletic Club នៅខែធ្នូ ឆ្នាំ២០១៨ ហើយបានជួយពួកគេមិនឱ្យធ្លាក់ទៅកាន់លីគទី២អេស្ប៉ាញ។
បន្ទាប់មកលោកបានដឹកនាំពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa del Rey រដូវកាល ២០១៩-២០ ដែលត្រូវបានផ្អាកដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា ហើយពុំទាន់បានលេងនៅឡើយ។
លោក Garitano បានចាកចេញពីតំណែង ខណៈ Athletic Club ស្ថិតនៅលេខរៀងទី៩ ក្នុងតារាង La Liga មាន២១ពិន្ទុ បន្ទាប់ពីឈ្នះ៦ប្រកួត ស្មើ៣ និងចាញ់៨ប្រកួត ក្រោយឆ្លងកាត់១៧ប្រកួតនៅរដូវកាលនេះ៕