Skip to content
ហេតុផលអ្វីខ្លះជំរុញឱ្យ Pochettino សម្រេចចិត្តជ្រើសរើសមកដឹកនាំនៅ PSG?
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ហេតុផលអ្វីខ្លះជំរុញឱ្យ Pochettino សម្រេចចិត្តជ្រើសរើសមកដឹកនាំនៅ PSG?

ក្រោយទំនេរពីអាជីពជាអ្នកចាត់ការ នៅពេលត្រូវបានក្លិប Tottenham Hotspur បណ្ដេញចេញពីតំណែង លោក Mauricio Pochettino បានត្រលប់មកកាន់អាជីពរបស់លោកសារជាថ្មី ដោយជំនួសលោក Thomas Tuchel នៅ Paris Saint-Germain។

មានការផ្សារភ្ជាប់អ្នកចាត់ការជនជាតិអាហ្សង់ទីន ជាមួយក្លិបមួយចំនួននៅអឺរ៉ុប ដែលរួមមាន Real Madrid និង Barcelona ប៉ុន្ដែពុំមានសំណើផ្លូវការបានផ្ដល់ឱ្យនោះឡើយ។

ប៉ុន្ដែចុងក្រោយអតីតអ្នកចាត់ការក្លិប Espanyol រូបនេះ ទទួលបានតំណែងជាអ្នកចាត់ការថ្មីរបស់ PSG ក្រោយពេលលោក Thomas Tuchel ចែកផ្លូវគ្នាជាមួយក្លិបយក្សបារាំង។

AMS Sports សូមបង្ហាញកត្តាធំៗពីរ ដែលជំរុញឱ្យលោក Pochettino យល់ព្រមដឹកនាំ PSG។

ពេលវេលាដែលរង់ចាំបានឈានមកដល់

ការរង់ចាំរយៈពេលមួយឆ្នាំ ដើម្បីរង់ចាំឱកាសល្អបំផុត អាចចាត់ទុកថាជាពេលដ៏យូរ ប៉ុន្ដែលោក Pochettino ដឹងថាមិនយូរមិនឆាប់ ឱកាសរបស់លោកនឹងមកដល់។

ក្រោយត្រូវបាន Spurs បញ្ចប់កុងត្រា ក្លិបមួយចំនួននៅអឺរ៉ុបព្យាយាមចរចានាំលោក Pochettino ទៅដឹកនាំពួកគេ ប៉ុន្ដែបុរសជនជាតិអាហ្សង់ទីនបានបដិសេធ ក្លិបទាំងនោះ ដោយសារមិនស្ថិតនៅក្នុងលក្ខខណ្ឌសមស្របសម្រាប់លោក។

ដោយសារធាតុផ្សំដ៏សំខាន់ ដែលលោកខំចំណាយពេលក្នុងការសម្របនឹងនៅការលេងរបស់កីឡាករជំនាន់ក្រោយ ដែលខុសពីការដឹកនាំក្រុមដែលមានកីឡាករល្អៗនៅក្នុងក្រុមស្រាប់។

អ្វីដែលឧបសគ្គសម្រាប់លោក នោះគឺលោក Pochettino ពុំមានភ្នាក់ងារផ្ទាល់(Agent)នោះទេ ដោយលោកត្រូវទាក់ទងផ្ទាល់ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ និង ក្លិបដែលចាប់អារម្មណ៍ក្នុងការពិភាក្សាជាមួយលោក។

ការប្រកួតប្រជែងថ្មី

ការចរចាររវាងលោក Pochettino ជាមួយក្លិប PSG ត្រូវបានធ្វើឡើងនៅពីសប្ដាហ៍មុន ហើយលោកត្រូវប្រឈមនឹងការប្រកួតប្រជែងដែលខុសប្លែក ពីការងារដែលលោកធ្លាប់ធ្វើកន្លងមក។

កាលនៅក្លិប Tottenham លោក Pochettino មិនទទួលបានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយនាំចូលកីឡាករល្បីនោះទេ ទើបលោកផ្ដោតទៅលើការពង្រឹងក្រុមដោយផ្អែកលើកីឡាករ មានទេពកោសល្យ និង ការប្រឹងប្រែង ដែលត្រូវជ្រើសរើសចេញពីឈុតយុវជន រួមមាន​ Harry Kane និង Harry Winks ជាឧទាហរណ៍ស្រាប់។

មកដល់ PSG លោក Pochettino ត្រូវសម្របនឹងបរិបទផ្សេង។ កីឡាករភាគច្រើន ត្រូវបានទិញចូលក្រោយពួកគេទទួលបានភាពល្បីល្បាញ។ វាមិនមែនជារឿងងាយស្រួលនោះទេ ចំពោះការបង្វឹក កីឡាករដូចជា Neymar ដែលទទួលបានសិទ្ធពីប្រធានក្លិប និង គ្រូបង្វឹក ក្នុងការជ្រើសរើសពេលវេលាដើម្បីលេង និង សម្រាកដោយខ្លួនឯង ដែលប្រាសចាកពីគោលការណ៍ដែលលោកកំណត់។

អ្វីដែលយើងបានដឹងច្បាស់នោះគឺ លោក Pochettino ហើយនិងកូនក្រុម នឹងកសាងក្រុមមួយដែលមានមូលដ្ឋានដ៏រឹងមាំ ហើយយ៉ាងហោចណាស់ពួកគេមានឱកាសលេងក្រោមការដឹកនាំរបស់គ្រូបង្វឹក ដែលមានកម្រិតខ្ពស់ជាង គ្រូបង្វឹកដែលធ្លាប់ដឹកនាំពួកគេកាលពីមុន៕