Skip to content
កីឡាករ៨រូបដែលលោក Pochettino អាចនឹងនាំយកមកចូលក្រុម Paris Saint-Germain
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករ៨រូបដែលលោក Pochettino អាចនឹងនាំយកមកចូលក្រុម Paris Saint-Germain

លោក Mauricio Pochettino ដែលទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Paris Saint-Germain បានជួយឱ្យក្រុមការពារជើងឯកលីគកំពូលបារាំង ឈ្នះពាន Trophée des Champions(France Supercup) កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ហើយអ្នកចាត់ការជនជាតិអាហ្សង់ទីនរូបនេះ អាចនឹងត្រូវការកីឡាករបន្ថែមដើម្បីពង្រឹងក្រុម ប្រជែងពានរង្វាន់ផ្សេងទៀតជាពិសេស UEFA Champions League។

ចចាមអារ៉ាមពាក់ព័ន្ធនឹងកីឡាករដែលលោក Pochettino ត្រូវបានសារព័ត៌មានផ្សព្វផ្សាយជាហូរហែរ ដែលក្នុងនោះមានកីឡាករ៨រូប ដែលរួមមាន៖

១. Paulo Dybala

Paulo Dybala ជាកីឡាករគោលដៅដែលលោក Pochettino ចង់បានកាលលោកនៅដឹកនាំ Tottenham ប៉ុន្ដែការផ្ទេរមិនអាចសម្រេចទៅបានឡើយ។ Dybala បានបង្ហាញគុណផលល្អ នៅចុងរដូវកាលដែលលោក Maurizio Sarri នៅដឹកនាំ Juventus ប៉ុន្ដែនៅពេលដែលលោក Andrea Pirlo មកកាន់តំណែង អ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ ពេញចិត្តក្នុងការដាក់ដៃគូប្រយុទ្ធ Cristian Ronaldo និង Alvaro Morata ឱ្យលេងនៅជម្រើសដំបូងច្រើនជាងម្ចាស់អាវលេ១០រូបនេះ។ PSG ជាក្លិបដែលមានលទ្ធភាពចំណាយទិញកីឡាករឆ្នើមដែលមានតម្លៃថ្លៃ ខណៈមានការលេចលឺថា Kylian Mbappe មានគម្រោងចាកចេញនៅរដូវក្ដៅខាងមុខផងនោះ Dybala អាចជាកីឡាករចាំបាច់ដែលលោក Pochettino ត្រូវនាំយកមកជួយពង្រឹងក្រុម។

២. Boubakary Soumaré

ក្រុមដែលលោក Pochettino ដឹកនាំ ភាគច្រើនមានប្រព័ន្ធបម្រើល្អ តួយ៉ាងនៅ Spurs កីឡាករ Moussa Sissoko, Mousa Dembele និង Vincent Wanyama សហការគ្នាបានល្អក្នុងការបញ្ជូនបាល់ឡើងចុះនៅតំបន់បម្រើ។

នៅ PSG អ្នកចាត់ការជនជាតិអាហ្សង់ទីន ត្រូវការខ្សែបម្រើដ៏រឹងមាំម្នាក់ មកចាប់ដៃគូជាមួយ កីឡាករឆ្នើម Marco Verratti ហើយ Boubakary Soumaré អាចជាជម្រើសមួយដែលគួរពិចារណា។ ខ្សែបម្រើដែលបច្ចុប្បន្នកំពុងលេងឱ្យក្លិប Lille មានកាយសម្បទារឹងមាំល្អ ហើយសមត្ថភាពបញ្ជូនបាល់មានប្រសិទ្ធភាពខ្ពស់របស់គេ អាចជួយ Varratti បានច្រើននៅតំបន់បម្រើ។

៣. Hugo Lloris

ទោះបីមានវ័យ៣៤ឆ្នាំទៅហើយក្ដី ប៉ុន្ដែ Hugo Lloris នៅតែជាកីឡាករសំខាន់លើទីលានសម្រាប់ Spurs ក៏ដូចជាក្រុមជម្រើសជាតិបារាំង ដូច្នេះគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែលកីឡាកររូបនេះ ទាក់ចិត្តអតីតគ្រូបង្វឹករបស់គេ។ Tottenham ចាប់ផ្ដើមស្វែងរកកីឡាករមកជំនួសតំណែងប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ខណៈ PSG អាចជាជម្រើសរបស់គេ បើចាកចេញពីក្លិបអង់គ្លេស។ ទោះបី Lloris មិនមែនជាកីឡាករគោលដៅយូរអង្វែងក្ដី លោក Pochettino ត្រូវការកីឡាករដែលមានភាពជាអ្នកដឹកនាំមកជួយក្រុមសម្រាប់ការធ្វើសង្គ្រាមលើវាលស្មៅ។

៤. Max Aarons

លោក Pochettino មានជំនាញក្នុងការបង្វឹកខ្សែការពារស្លាបទាំងសងខាង។ Kyle Walker និង Danny Rose លេងបានល្អនៅក្នុងតំណែងរបស់ខ្លួនបើធៀបនឹងកីឡាករដទៃនៅអឺរ៉ុប មុនពេលមានវត្តមានរបស់ Kieran Trippier និង Ben Davies ស្របពេល PSG កំពុងខ្វះខាតកីឡាករលេចធ្លោលេងក្នុងតំណែងនេះ។ ខ្សែការពារ Alessandro Florenzi ជាកីឡាករលេចធ្លោតែម្នាក់គត់ ដែលលេងនៅក្នុងលក្ខខណ្ឌខ្ចីពី AS Roma ប៉ុន្ដែមិនមានជម្រើសទិញផ្ដាច់កុងត្រានោះទេ ធ្វើឱ្យការនាំយកកីឡាករថ្មីជាជម្រើសចាំបាច់។

ខ្សែការពារ Max Aarons របស់ក្លិប Nowich City ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ពីក្លិប Barcelona និង Bayern Munich ជាជម្រើសល្អសម្រាប់ការនាំយកមកកាន់ទឹកដី Parc des Princes ហើយគេអាចអភិវឌ្ឍសមត្ថភាពឱ្យបានកាន់តែប្រសើរ ក្រោមការដឹកនាំរបស់លោក Pochettino។

៥. Dele Alli

នៅរដូវកាលនេះ Dele Alli ពុំសូវទទួលបានឱកាសចូលលេងនៅក្នុងក្រុម Tottenham Hotspur ក្រោមការដឹកនាំដោយលោក Jose Mourinho ប៉ុន្មាននោះទេ។ កាលលោក Pochettino បង្វឹកនៅ Spurs ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះ ជាកីឡាករដែល មានឱកាសចូលលេងជម្រើសដំបូងបានច្រើនប្រកួត។ Alli ធ្លាប់ជាកីឡាករគោលដៅរបស់ PSG ច្រើនឆ្នាំមកហើយ ខណៈទំនាក់ទំនងរបស់គេជាមួយអតីតគ្រូបង្វឹករបស់ខ្លួន នៅតែរក្សាបានល្អ ហើយការផ្លាស់មក PSG អាចជាឱកាសឱ្យរូបគេលេងបានច្រើនឡើងវិញ និងដើម្បីមានសង្ឃឹមក្នុងការចូលរួមការប្រកួត UEFA Euro នៅរដូវក្ដៅខាងមុខនេះ។

៦. Luke Shaw

កន្លងមក Luke Shaw ធ្លាប់និយាយថាគេចង់ លេងនៅក្រោមការបង្វឹករបស់លោក Pochettino ជាថ្មីម្ដងទៀត បន្ទាប់ពីធ្លាប់ធ្វើការជាមួយគ្នានៅ Southampton។ មានការរំពឹងថា អ្នកទាំងពីរអាចធ្វើការរួមគ្នាជាថ្មីនៅ Manchester United បើសិនលោក Ole Gunnar Solskjaer បាត់បង់តំណែង ប៉ុន្ដែបច្ចុប្បន្នរឿងនេះមិនអាចកើតឡើងនោះទេ។

ទោះយ៉ាងណាក្ដី អ្នកទាំងពីរអាចមានឱកាស ធ្វើជាគ្រូ និង សិស្សជាថ្មីម្ដងទៀតនៅបារាំង។ វត្តមានរបស់ Alex Telles បានធ្វើឱ្យ Shaw ប្រឈមនឹងការប្រជែងតំណែងការពារស្លាបឆ្វេង ក្នុងជម្រើស១១នាក់ដំបូង ហើយការចាកចេញមកក្លិបបារាំង អាចជាឱកាសឱ្យគេបានចូលលេងបានច្រើន និងអាចទទួលឱកាសលេងនៅ ក្រុមជម្រើសជាតិអង់គ្លេស។

៧. Jamie Shackleton

អំឡុងពេលកាន់តំណែងជាអ្នកចាត់ការក្លិបនៅ Premier League លោក Pochettino អាចបង្វឹកកីឡាករក្មេងមានទេពកោសល្យ ភាគច្រើនជាជនជាតិអង់គ្លេស។ ហើយកីឡាករអង់គ្លេសដែលមានតម្លៃទាប បើធៀបនឹង Aarons ឬ Alli គឺកីឡាករ Jamie Shackleton។

Shackleton លេងក្នុងតំណែងជាខ្សែការពារស្លាបស្ដាំ និង តំណែងខ្សែបម្រើនៅ Leeds United។ លោក Pochettino ដែលធ្លាប់ជាកូនសិស្សរបស់លោក Marcelo Bielsa អាចជួយអភិវឌ្ឍសមត្ថភាព កីឡាករជនជាតិអង់គ្លេសវ័យ២១ឆ្នាំដែលអាចលេងបានច្រើនតំណែង ដូចកាលលោកបង្វឹក Eric Dier នៅ Spurs ផងដែរ។

៨. Lionel Messi

មុនពេលលោក Pochettino មកកាន់តំណែងជាអ្នកចាត់ការ PSG ជំនួសលោក Thomas Tuchel ប្រកាសជាផ្លូវការ មានការលេចលឺពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា អ្នកចាត់ការវ័យ៤៨ឆ្នាំរូបនេះ បានកំណត់គោលដៅនាំយក មិត្តរួមជាតិអាហ្សង់ទីន Lionel Messi មកទីក្រុងប៉ារីស ស្របពេលកុងត្រាបច្ចុប្បន្នរបស់ម្ចាស់ពាន Ballon dÓr ៦សម័យរូបនេះជាមួយ Barcelona នឹងផុតកំណត់នៅចុងរដូវកាលនេះ។

លើសពីនេះទៅទៀត លោក Pochettino មានជំនាញប្រើប្រាស់កីឡាករលេខ១០បានល្អ នៅក្នុងប្រព័ន្ធលេងដែលលោកដឹកនាំ ហើយនេះក៏ជាឱកាសដែល Messi អាចចាប់ដៃគូជាមួយអតីតមិត្តរួមក្រុម Neymar ផងដែរ៕