ក្រុមការពារជើងឯក AFC Champions League, Ulsan Hyundai បានប្រកាសពីការចុះកិច្ចសន្យាផ្ទេរខ្សែបម្រើប្រយុទ្ធ Valeri Qazaishvili ពីក្លិបអាមេរិក San Jose Earthquakes។
កីឡាករជនជាតិហ្សកហ្ស៊ីរូបនេះ នឹងចូលរួមក្រុមដែលបង្វឹកដោយលោក Hong Myung-bo ក្រោយចាយពេល៤រដូវកាលនៅ Major League Soccer។
ខ្សែបម្រើប្រយុទ្ធ ដែលមានឈ្មោះក្រៅហៅថា Vako ជាកីឡាករបរទេសថ្មីបំផុត ដែលក្លិបការពារជើងឯកទ្វីបអាស៊ីនាំយកមកចូលក្រុម មុនរដូវកាលថ្មីមកដល់ បន្ទាប់ពីខ្សែប្រយុទ្ធអូទ្រីស Lukas Hinterseer។
វត្តមានរបស់ Vako ជាកម្លាំងបន្ថែមសម្រាប់ Ulsan ក្នុងការប្រកួតប្រជែងពានរង្វាន់ក្នុងស្រុក និងពានរង្វាន់ទ្វីបអាស៊ី ក្នុងនាមជាក្រុមការពារជើងឯក AFC Champions League ដោយក្នុងវគ្គចែកពូលពួកគេជួបប្រកួតទល់នឹងក្រុមថៃ BG Pathum United ក្រុមវៀតណាម Viettel និង មួយក្រុមទៀតដែលជាអ្នកឈ្នះនៅវគ្គ play-off៕