Skip to content
ចចាមអារ៉ាមដោះដូរកីឡាករប្រចាំថ្ងៃចន្ទ ទី២២ ខែកុម្ភៈ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ចចាមអារ៉ាមដោះដូរកីឡាករប្រចាំថ្ងៃចន្ទ ទី២២ ខែកុម្ភៈ

  • Manchester United ត្រូវបានរាយការណ៍ថាត្រៀមលក់អ្នកចាំទី David de Gea នៅរដូវក្ដៅឆ្នាំនេះ ដោយសម្លឹងឃើញអ្នកជំនួសរួចរាល់ទៅហើយ។ De Gea ទទួលបានឱកាសលេងនៅជម្រើសដំបូងឱ្យក្រុមបិសាចក្រហម ក្រោយផ្លាស់ចេញពី Atletico Madrid ក្នុងឆ្នាំ២០១១ ប៉ុន្ដែគុណផលកីឡាករអេស្ប៉ាញរូបនេះ មានការធ្លាក់ចុះពីររដូវកាលចុងក្រោយនេះ។ ក្នុងនោះដែរ អ្នកចាំទី Dean Henderson ដែលសាងភាពលេចធ្លោនៅ Sheffield United រដូវកាលមុន ត្រូវបានយកត្រលប់មកទឹកដី Old Trafford វិញ ប៉ុន្ដែគេហាក់ពិបាក ក្នុងការប្រជែងកៅអីជម្រើសដំបូងជាមួយ De Gea។ យោងតាមប្រភពពី Team Talk បានឱ្យដឹងថា ក្លិបបិសាចក្រហមបានត្រៀមខ្លួនរួចរាល់ ក្នុងការលក់ De Gea ចេញនៅរដូវក្ដៅខាងមុខ ដោយ Man Utd ត្រៀមទិញអ្នកចាំទីវ័យក្មេង Gianluigi Donnarumma ពី AC Milan។ ទោះមានវ័យទើបតែ២១ឆ្នាំ ប៉ុន្ដែកីឡាករជនជាតិអ៊ីតាលីរូបនេះ មានឱកាសបង្ហាញខ្លួននៅ Serie A ២០០លើករួចមកហើយឱ្យ Milan ខណៈក្លិបធំៗកំពុងចាប់អារម្មណ៍ចង់បានគេមកជួយពង្រឹងតំបន់ការពារ ហើយ Man Utd ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
  • ខ្សែប្រយុទ្ធឆ្នើម Erling Haaland របស់ក្លិប Borussia Dortmund ទាមទារប្រាក់ឈ្នួលសរុប ៧៨លានផោនពីក្លិបគោលដៅដែលចង់បានគេ ជាមួយកិច្ចសន្យាផ្ទេររយៈពេល៥ឆ្នាំ នេះបើតាមការឱ្យដឹងពី Daily Star។ ដូច្នេះមានន័យថា ខ្សែប្រយុទ្ធវ័យ២១ឆ្នាំជនជាតិន័រវែសរូបនេះ នឹងទទួលបានថ្លៃឈ្នួលប្រចាំសប្ដាហ៍៣០ម៉ឺនផោន។ ក្លិបធំៗនៅអឺរ៉ុបដូចជា Manchester City, Manchester United, Chelsea និង Real Madrid ត្រូវបានរាយការណ៍ថាមានការចាប់អារម្មណ៍លើ Haaland ដែលមានសមត្ថភាពរកគ្រាប់បាល់បាល់២៥គ្រាប់ ពីការលេង២៤លើក គ្រប់ការប្រកួតរដូវកាលនេះ ស្របពេលថ្លៃផ្ទេរកីឡាកររូបនេះពី Dortmund ត្រូវបានរំពឹងថាមានតម្លៃមិនក្រោម១០០លានផោននោះទេ។
  • ក្លិបតោខៀវ Chelsea កំពុងពិភាក្សាផ្ទេរខ្សែការពារ Niklas Sule ពីក្លិបជើងឯកពានអឺរ៉ុប Bayern Munich ក្នុងតម្លៃ៣០លានអឺរ៉ូ នេះបើតាមការឱ្យដឹងពី សារព័ត៌មានអេស្ប៉ាញ Todo Fichajes។ Sule អាចជាកីឡាករសំខាន់ថ្មីម្នាក់ក្នុងក្រុមដែលបង្វឹកដោយលោក Thomas Tuchel ដើម្បីមកជួយតំបន់ការពារនៅទឹកដី Stamford Bridge។ តំបន់ការពាររបស់ Chelsea រដូវកាលនេះពុំសូវមានភាពរឹងមាំនោះទេ ស្របពេលខ្សែការពារ Antonio Rudiger និង Andreas Christensen បំពេញតួនាទីមិនបានល្អក្នុងតំណែងរបស់ខ្លួន។ រីឯខ្សែការពារ Thiago Silva លេងបានល្អ ប៉ុន្ដែបច្ចុប្បន្នកីឡាករប្រេស៊ីលរូបនេះ មានអាយុ៣៦ទៅហើយ ដែលមានន័យថាគេមិនអាចលេងនៅកម្រិតខ្ពស់បែបនេះច្រើនឆ្នាំទៀតនោះទេ។
  • ទោះយ៉ាងណាក្ដី នាយកប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge បានបញ្ជាក់ថាក្លិបយក្សអាល្លឺម៉ង់មួយនេះ​ ចង់បន្ដកុងត្រាថ្មីឱ្យ Niklas Sule ប៉ុន្ដែវាអាស្រ័យទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេផងដែរ។ លោក Rummenigge បាននិយាយថា Bayern ចង់មានកីឡាករឆ្នើមជនជាតិអាល្លឺម៉ង់លេងនៅទីនោះឱ្យបានច្រើន ប៉ុន្ដែបញ្ហាហិរញ្ញវត្ថុបានធ្វើឱ្យ Bayern ជួបនូវបញ្ហាលំបាក។ ទោះយ៉ាងណាក្ដី លោករីករាយប្រសិនបើ Sule ចង់បន្ដកុងត្រាថ្មី ប៉ុន្ដែស្ថិតនៅក្នុងលក្ខខណ្ឌហិរញ្ញវត្ថុដែលក្លិបកំណត់។
  • ក្លិបហង្សក្រហម Liverpool អាចនឹងយកខ្សែប្រយុទ្ធ Takumi Minamino ជាថ្នូរនៃការដោះដូរ កីឡាករ Lucas Ocampos ពីក្លិបអេស្ប៉ាញ Sevilla នេះបើតាមប្រភពពី Daily Star។ Minamino ត្រូវបានក្លិបហង្សក្រហមដាក់ឱ្យ Southampton ខ្ចីកាលពីខែមុន បន្ទាប់ពីគេមិនសូវបានបង្ហាញភាពលេចធ្លោក្រោយផ្លាស់មកទឹកដី Anfield កាលខែមករា ឆ្នាំ២០២០ ពីក្លិប RB Salzburg ក្នុងតម្លៃ៧លានផោន។ នៅ Southampton កីឡាករជនជាតិជប៉ុនរូបនេះ បានសាងភាពលេចធ្លោដោយរកគ្រាប់បាល់ដំបូងរបស់ខ្លួននៅទឹកដី St. Mary ក្នុងការប្រកួតជ័យជម្នះលើ Newcastle ហើយរកបានមួយគ្រាប់ ក្នុងការប្រកួតស្មើគ្នាជាមួយ Chelsea ១-១។ ប៉ុន្ដែប្រភពខាងលើទទួលបានដំណឹងពីអេស្ប៉ាញថា ក្លិបហង្សក្រហមមានការចាប់អារម្មណ៍ទៅលើ ខ្សែប្រយុទ្ធអាហ្សង់ទីន Ocampos របស់ក្លិប Sevilla ហើយក្លិបអេស្ប៉ាញក៏ចង់បាន Minamino ទៅចូលរួមពួកគេផងដែរ។
  • ក្លិប Crystal Palace មានការផ្សារភ្ជាប់ជាមួយខ្សែការពារកណ្ដាលវ័យក្មេង Radu Dragusin របស់ Juventus ដែលកំពុងសម្របខ្លួនជាមួយក្រុមធំ បង្វឹកដោយលោក Andrea Pirlo។ ក្លិបការពារជើងឯក Serie A កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែការពារជនជាតិរ៉ូម៉ានីឱ្យបន្ដកិច្ចសន្យាថ្មី ខណៈកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លិបអ៊ីតាលីមួយនេះ នឹងផុតកំណត់ពេលចប់រដូវកាលនេះ។ តាមការចុះផ្សាយរបស់ Corriere dello Sport ក្លិបអង់គ្លេស Crystal Palace, Tottenham Hotspur និង Newcastle United កំពុងប្រជែងគ្នា ក្នុងការនាំយកខ្សែការពារវ័យក្មេងមកអង់គ្លេស ប្រសិនបើគេចង់ចាកចេញពីក្លិបនៅអ៊ីតាលី៕