ការប្រកួត UEFA Champions League នឹងត្រលប់មកវិញនៅរាត្រីថ្ងៃអង្គារនេះ វេលាម៉ោង៣៖០០នាទីរំលងអាធ្រាត។ Atletico Madrid ត្រូវជួបជាមួយ Chelsea ក្នុងការប្រកួតជើទី១វគ្គ១៦ក្រុមចុងក្រោយ Champions League នៅទឹកដីកណ្ដាលនៅកីឡដ្ឋាន National Arena ក្នុងប្រទេសរ៉ូម៉ានី។
ព័ត៌មានក្នុងក្រុម
Atletico Madrid: ខ្សែការពារ Kieran Trippier នឹងមិនមានវត្តមានក្នុងការប្រកួតនេះទេ ដោយសារជាប់បម្រាម ខណៈ Hector Herrera មានជំងឺ។ ដោយឡែក ខ្សែបម្រើ Yannick Carrasco មិនអាចជួយក្រុមបានដោយសារមានបញ្ហារបួសជើង ហើយ ខ្សែការពារកណ្ដាល Jose Gimenez មានបញ្ហារបួសសាច់ដុំកាលពីចុងសប្ដាហ៍។
Chelsea: ខ្សែការពារចាស់វស្សា Thaigo Silva បានធូរស្បើយពីបញ្ហារបួស ប៉ុន្ដែខ្សែបម្រើ Kai Havertz និង ខ្សែប្រយុទ្ធ Chrisitian Pulisic មិនទាន់ប្រាកដថាចូលរួមក្រុមបានឬយ៉ាងណានៅឡើយទេ។ ខ្សែប្រយុទ្ធ Callum Hudson-Odoi ដែលត្រូវបានប្ដូរចេញ ក្នុងជំនួបទល់នឹង Southampton ក្រោយរងរបួស ប៉ុន្ដែគេបានធ្វើដំណើរទៅចួលរួមការប្រកួតជាមួយមិត្តរួមក្រុមបាន។
ស្ថិតិ និង កំណត់ត្រា
- លទ្ធផលការប្រកួតកន្លងមកដែលក្រុមទាំងពីរជួបគ្នាគឺមិនលើសមិនខ្វះគ្នានោះទេ ដោយពួកគេឈ្នះ២លើកដូចគ្នានិងស្មើ៣ប្រកួត ហើយរកគ្រាប់បាល់១១គ្រាប់ដូចគ្នា។
- Atletico Madrid មានប្រៀបជាង Chelsea នៅវគ្គ knock-out UEFA Champions League ដោយពួកគេធ្លាប់ទទួលជ័យជម្នះ ៣-១ កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រដូវកាល ២០១៣-១៤។
- តាំងពីដឹកនាំ Atletico Madrid លោក Diego Simeone មិនដែលបរាជ័យក្នុងទឹកដីនៅ Champions League នោះទេ ដោយពួកគេទទួលជ័យជម្នះ ៩លើក និង ស្មើ៤លើក។ ហើយ១២លើកចុងក្រោយនៅវគ្គ knock-out Champions League ក្រុម Atletico របូតគ្រាប់បាល់មួយគ្រាប់គត់នៅកីឡដ្ឋានរបស់ពួកគេក្នុងការប្រកួតជ័យជម្នះ ២-១ លើ Real Madrid។
- Chelsea ជាក្រុមចុងក្រោយដែលយកឈ្នះ Atletico Madrid នៅក្នុងទឹកដីរបស់ក្រុមអេស្ប៉ាញមួយនេះ(តែក្នុងវគ្គចែកពូល) នៅ Champions League កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយលទ្ធផល ១-២ ហើយវាជាប្រកួតពានអឺរ៉ុបដំបូង ដែលរៀបចំធ្វើនៅកីឡដ្ឋានថ្មី Wanda Metroplitano។
- Atletico Madrid រកគ្រាប់បាល់បានតែ៧គ្រាប់ប៉ុណ្ណោះ ពីការលេង៦ប្រកួតនៅវគ្គចែកពូលរដូវកាលនេះ ដែលជាចំនួនគ្រាប់បាល់តិចបំផុត បើធៀបទៅនឹងក្រុមទាំងអស់ដែលឡើងមកវគ្គ១៦ក្រុមចុងក្រោយ UCL។
- Chelsea ស្ថិតក្នុងចំណោមក្រុមទាំង៤ដែលឈ្នះទាំង៣ប្រកួតក្រៅទឹកដី នៅវគ្គចែកពូល Champions League រដូវកាលនេះជាមួយ Atlanta, Barcelona និង Juventus។ ទោះយ៉ាងណាក្ដី បើនិយាយពីវគ្គ knock-out វិញ ការប្រកួតក្រៅដីចុងក្រោយ ដែលពួកគេទទួលជ័យជម្នះគឺនៅ កាលពីខែមីនា ឆ្នាំ២០១២ ទល់នឹង Benfica។ កីឡាករខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea រកគ្រាប់បាល់សរុបបាន ៥គ្រាប់ពីការលេង ១៤២នាទី នៅវគ្គចែកពូល Champions League រដូវកាលនេះ ហើយបើគិតជាមធ្យមគេរកបាន ១គ្រាប់ ក្នុងចន្លោះពេល២៨នាទី។ រីឯខ្សែប្រយុទ្ធឆ្នើម Luis Suarez ពុំទាន់រកគ្រាប់បាល់ ឬ assist បាននៅឡើយទេ ពីការលេង៤ប្រកួតឱ្យ Atletico Madrid នៅ UCL រដូវកាលនេះ។
ចំណែកមួយគូទៀត ដែលប្រកួតក្នុងពេលតំណាលគ្នាគឺ Lazio និង Bayern Munich។
ស្ថិតិ និង កំណត់ត្រា
- នេះជាលើកដំបូងដែល Lazio និង Bayern Munich ប៉ះគ្នានៅ Champions League។ Lazio បរាជ័យតែម្ដងប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួតដែលពួកគេជួបក្រុមមកពីអាល្លឺម៉ង់ ដោយទទួលជ័យជម្នះ២លើក និង ស្មើ៣លើក ហើយមិនទាន់ចាញ់នៅក្នុងទឹកដីទេ។
- Bayern Munich មិនទាន់ស្គាល់បរាជ័យ៥ប្រកួតចុងក្រោយក្រៅទឹកដីនៅ Champions League ទល់នឹងក្រុមអ៊ីតាលី ដោយឈ្នះ៣ និងស្មើ២ប្រកួត។
- Lazio បានឡើងមកកាន់វគ្គ knock-out UEFA Champions League ជាលើកដំបូងក្នុងរយៈពេល២១ឆ្នាំចុងក្រោយ (តាំងពីរដូវកាល ១៩៩៩-២០០០ មក) ខណៈ Bayern ឡើងមកវគ្គ knock-out ១៣រដូវកាលជាប់គ្នា។
- បើរាប់ចាប់ពីរដូវកាលមុនមកទល់នឹងពេលនេះ Bayern Munich ឈ្នះ១៦លើក ក្នុងចំណោម១៧ប្រកួតនៅ UEFA Champions League ជាមួយផលសងគ្រាប់បាល់ +៤៨គ្រាប់ (រកបាន៦១គ្រាប់ និង របូត ១៣គ្រាប់) ខណៈ Lazio ៦ប្រកួតចុងក្រោយនៅ UCL ពួកគេ ឈ្នះ២លើក និងស្មើ៤លើក រកគ្រាប់បាល់បាន១១គ្រាប់ និងរបូត ៧គ្រាប់៕