ក្នុងអតីតកាលរយៈពេលជាង២០រដូវកាលកន្លងទៅ Schalke 04 ទទួលបានកៅអីលេង UEFA Champions League ៨ដង។ ក្នុងឆ្នាំ២០១១ Schalke 04 បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានចាញ់ Manchester United នៅពេលនោះ។ សមិទ្ធផលចុងក្រោយរបស់ពួកគេគឺ ក្នុងឆ្នាំ២០១៩ ពួកគេឡើងដល់វគ្គ១៦ក្រុមចុងក្រោយពានក្លឹបអាជីពធំបំផុតរបស់អឺរ៉ុប ហើយបានចាញ់ Manchester City។ ប៉ុន្តែសព្វថ្ងៃនេះ វាបានក្លាយជារឿងផ្សេងសម្រាប់ក្លឹបកីឡាបាល់ទាត់ Schalke 04 ដែលនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤ នឹងគ្រប់អាយុ១២០ឆ្នាំនៃការកកើតក្លឹបនេះ។ ជាក្លឹបធំបំផុតទី៣របស់អាល្លឺម៉ង់គិតលើចំនួនសមាជិក
Schalke ដែលមានប្រវត្តិជោគជ័យ លើកពាន Bundesliga ច្រើនដងជាងគេលំដាប់ទី៤ គឺចំនួន៧ដង តិចជាងតែ Bayern Munich, Nurnberg និង Borussia Dortmund ប៉ុណ្ណោះ ពេលនេះកំពុងលេងក្នុងលីគ២អាល្លឹម៉ង់ នៅក្បែរៗតំបន់ក្រហមដែលប្រឈមនឹងការកាត់ទម្លាក់ទៅក្រោមទៀតជាលើកទី២ជាប់គ្នា ហើយអាចត្រូវបានទស្សនិកជនភ្លេចឈ្មោះអស់។ វិបត្តិហិរញ្ញវត្ថុកំពុងរួមរឹតក្លឹបនេះ។
អ្នកសារព័ត៌មាន Felix Tamsut និយាយថាក្លឹបមានអ្នកគាំទ្រច្រើន មិនមែនមានន័យថាមានលុយច្រើននោះទេ។ ហើយមូលហេតុមួយទៀតដែលជាបញ្ហាគឺរបៀបដែលក្លឹបចាយវាយ។ កាលពីឆ្នាំ២០១៦ Schalke បានប្រជែងឈ្នះ Barcelona, Manchester United និង Arsenal ហើយចាយ២៥លានផោនទិញខ្សែប្រយុទ្ធវ័យក្មេងស្វ៊ីស Breel Embolo។ ប៉ុន្តែ៣ឆ្នាំក្រោយមក បន្ទាប់ពីរកបាន១០គ្រាប់ពីការលេង Bundesliga ៤៨ប្រកួត Embolo ត្រូវបាន Schalke លក់ឱ្យ Borussia Monchengladbach ក្នុងតម្លៃខាតពាក់កណ្ដាល។ Schalke បានចាយ១៩លានអឺរ៉ូទិញ Nabil Bentaleb ពី Spurs ក្នុងឆ្នាំ២០១៧ បន្ទាប់មកបានចាកចេញ free ដោយគ្មានតម្លៃផ្ទេរនៅពេលកិច្ចសន្យារបស់គេផុតសុពលភាពក្នុងឆ្នាំ២០២១។ Embolo និង Bentaleb គ្រាន់តែជាឧទាហរណ៍២នៃកម្សោយភាពរបស់ Schalke ក្នុងការនាំចូលកីឡាករនារយៈកាលចុងក្រោយនេះ។ គឺមិនត្រឹមតែខ្សោយក្នុងការទិញទេ ពេលលក់ចេញវិញក៏ខ្សោយដែរ។
កីឡាករសំខាន់ៗដូចជា Leon Goretzka, Sead Kolasinac, Max Meyer និង Joel Matip ដែលសមណាស់ដែលផ្ដល់ចំណូលបានច្រើនដល់ Schalke ពីតម្លៃផ្ទេរ បែរជាចាកចេញ free free ដោយគ្មានចំណូលសោះដល់ក្លឹប។
វិបត្តិប្រាក់ចំណូលរឹតតែរីកធំឡើងពេលកូវីដ១៩រាតត្បាត ដោយទី១ការប្រកួតលេងបិទទ្វារ គ្មានចំណូលពីការលក់សំបុត្រ ហើយតម្លៃនៃសិទ្ធិផ្សាយតាមទូរទស្សន៍ក៏ធ្លាក់ចុះយ៉ាងច្រើនទៀត។ ទុក្ខជាន់ទុក្ខ នៅពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បាននាំដល់ទីបញ្ចប់នៃទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភធំរបស់ Schalke គឺ Gazprom ដែលជាក្រុមហ៊ុនប្រេងនិងឧស្ម័នយក្សរបស់រដ្ឋរុស្ស៊ី។
សមាជិកក្រុមប្រឹក្សាភិបាល Schalke Supporters Club អ្នកស្រី Anja Wortmann និយាយថាការសម្រេចចិត្តជាច្រើនរបស់ក្លឹបក្នុងអតីតកាលគឺខុសឆ្គងទាំងស្រុង ហើយបានបណ្ដាលឱ្យក្លឹបខាតបង់ថវិកាយ៉ាងសន្ធឹកសន្ធាប់។ ហើយក្រុមកីឡាករដែលក្លឹបដាក់លេងគឺមិនចូលគ្នាល្អ ហើយលេងមិនបានល្អឡើយ ធ្វើឱ្យមានវប្បធម៌មួយនៅក្លឹបសម្រាប់គ្រូបង្គោលថ្មីៗ គឺតែងតាំងរួចបញ្ឈប់ៗ។
គ្រូបង្គោលបច្ចុប្បន្ន លោក Karel Geraerts ដែលបានចូលកាន់តំណែងកាលពីខែតុលា គឺជាគ្រូទី១១របស់ Schalke ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ប្រធានក្លឹបដែលកាន់តំណែងយូរឆ្នាំ គឺមហាសេដ្ឋី Clemens Tonnies ក៏ត្រូវបានបង្ខំឱ្យចុះចេញពីតំណែងក្នុងខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីដឹកនាំក្លឹបរយៈពេល១៩ឆ្នាំ។
គិតត្រឹមឆ្នាំ២០២១ Schalke 04 ជំពាក់បំណុលចំនួន២១៧លានអឺរ៉ូ។
ឥឡូវនេះ Schalke ស្ថិតនៅលើតំបន់ដែលត្រូវកាត់ទម្លាក់ទៅលីគ៣ តែ៥ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់៣លើកទៀតក្នុងរដូវកាល២០២៣-២៤នេះ។ ប្រសិនពួកគេធ្លាក់ពីលីគ២ទៀត ហើយបរាជ័យក្នុងការបំពេញតាមលក្ខខណ្ឌហិរញ្ញវត្ថុតម្រូវដោយសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ទេនោះ ក្លឹប Schalke 04 នឹងត្រូវទទួលទណ្ឌកម្មកាត់ទម្លាក់ទៅលីគ៤ដោយស្វ័យប្រវត្តិតែម្ដង។ តែបើពួកគេរក្សាបានកៅអីនៅលីគ២ ពួកគេនឹងទទួលបានអាជ្ញាបណ្ណពិសេសសម្រាប់ដំណើរការក្នុង Bundesliga 2 រដូវកាល២០២៤-២៥។
គ្រូ U19 Schalke លោក Tim Hoogland ដែលជាអតីតខ្សែបម្រើក្រុមធំក្លឹបនេះដែលដុះដាលចេញពីថ្នាល Schalke ផ្ទាល់ បាននិយាយថាគ្មានអ្វីសំខាន់សម្រាប់ Schalke ជាងការបណ្ដុះយុវជនថ្នាលទេ។ Manuel Neuer, Benedikt Howedes, Mesut Ozil, Dulian Draxler សុទ្ធតែចេញពីថ្នាល Schalke ហើយបានក្លាយជាជើងឯកពិភពលោក FIFA World Cup 2014។ Leroy Sane, Thilo Kehrer, Joel Matip, Sead Kolasinac ជាដើមក៏សុទ្ធតែជាផលិតផលពីថ្នាល Schalke។
លោក Hoogland នឹកស្រមៃដល់អតីតកាលដ៏រំភើបរបស់ Schalke កាលលោកនៅជាកីឡាករ បានលេងក្នុងបរិយាកាស Champions League ដ៏អស្ចារ្យ ទល់នឹងក្រុមកំពូលៗរបស់ពិភពលោក និងមានកីឡាករលំដាប់ពិភពលោកនៅក្នុងក្រុមដូចជា Raul និង Klaas-Jan Huntelaar ជាដើម។ Schalke ស្ថិតក្នុងបេះដូងលោកជានិច្ច៕