គ្រាប់បាល់ហ្វ្រ៊ីឃីកក្នុងនាទី១១៥របស់ Sergio Oliveira បានទម្លាក់ Juventus ពី UEFA Champions League 2020-21 យ៉ាងគួរឱ្យភ្ញាក់ផ្អើល និងនាំ Porto ឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី២ក្នុងពេល៣រដូវកាលចុងក្រោយ។ Porto ឈ្នះតាមរយៈរូបមន្តគ្រាប់បាល់ក្រៅទឹកដី (Away-goal) បន្ទាប់ពីបូកសរុបគ្រាប់បាល់ស្មើគ្នា៤-៤។
ក្នុងការប្រកួតនៅក្រុង Turin យប់មិញ ក្រុមភ្ញៀវមកពីព័រទុយហ្គាល់បាននាំមុខមុនក្នុងនាទី១៩ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Oliveira បន្ទាប់ពី Merih Demiral ធ្វើឱ្យខ្សែប្រយុទ្ធអ៊ីរ៉ង់ Mehdi Taremi ដួលក្នុងប្រអប់។
បន្ទាប់មក ខ្សែប្រយុទ្ធស្លាប Federico Chiesa ស៊ុតតាមស្មើវិញក្នុងនាទី៤៩សម្រាប់ក្រុមសេះបង្កង់។ Juventus កាន់តែមានសង្ឃឹមក្រោយពេល Porto សល់គ្នា១០នាក់ក្នុងនាទី៥៤ ដោយកីឡាករអ៊ីរ៉ង់ Taremi រងពិន័យកាតលឿង២ដងផ្ទួនគ្នាភ្លាមៗដោយសារទាត់បាល់ចោលព្រោះខឹងនឹងការពិន័យកាតលឿងទី១។
Chiesa បានតែតឱ្យ Juventus នាំមុខ២-១ក្នុងនាទី៦៣ ដើម្បីតាមស្មើលទ្ធផលជើងទី១ដែល Porto បានឈ្នះ។ Chiesa គឺជាកីឡាករជនជាតិអ៊ីតាលីទី១ដែលរកបាន២គ្រាប់ម្នាក់ឯងក្នុងមួយប្រកួតក្នុងពាន UCL សម្រាប់ Juventus តាំងពីក្រោយពេល Alessandro Del Piero ធ្វើបានទល់ Real Madrid ក្នុងខែវិច្ឆិកាឆ្នាំ២០០៨ និងជាកីឡាករអ៊ីតាលីដំបូងដែលធ្វើបានបែបនេះក្នុងវគ្គខ្វែង បន្ទាប់ពី Filippo Inzaghi បានធ្វើទល់នឹង Man Utd ក្នុងខែមេសាឆ្នាំ១៩៩៩។
Juventus ព្យាយាមសម្រុកយ៉ាងខ្លាំង ប៉ុន្តែ Porto ការពារបានយ៉ាងរឹងមាំអស្ចារ្យ ដើម្បីនាំការប្រកួតទៅវគ្គថែមម៉ោង១៥នាទី២ដង។
ខណៈសល់៥នាទីទៀតដល់វគ្គទាត់១១ម៉ែត្រកាត់សេចក្ដី ស្រាប់តែ Porto រកបានគ្រាប់នាំមុខដោយការស៊ុតហ៊្វ្រីឃីករបស់ Oliveira ក្នុងនាទី១១៥ ដែលស៊ុតរ៉ាចូលតាមប្រឡោះជើងរបស់ Cristiano Ronaldo ហើយអ្នកចាំទី Wojciech Szczesny មិនអាចសង្គ្រោះបាន ដោយបានត្រឹមផ្ដួលខ្លួនប៉ះបាល់ចុងដៃបន្តិច។
Adrien Rabiot បានតែតតាមស្មើវិញសម្រាប់ក្រុមលោក Andre Pirlo ក្នុងនាទី១១៧ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ Juventus បាន។
នេះជាលើកទី២រដូវកាលជាប់គ្នាដែល Juventus ធ្លាក់ពី UCL ត្រឹមវគ្គ១/៨ដោយរូបមន្ត Away-goal។ លោក Pirlo កំពុងរងសម្ពាធកាន់តែខ្លាំង ក្រោយបរាជ័យនេះ។ ថ្វីបើ Juventus បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពាន Coppa Italia មែនពិត ប៉ុន្តែក្នុងលីគវិញ ពួកគេកំពុងនៅក្រោម Inter Milan ១០ពិន្ទុឯណោះ ស្របពេលពួកគេជាក្រុមការពារជើងឯក Serie A ដែលពួកគេបានឈ្នះ៩រដូវកាលចុងក្រោយជាប់ៗគ្នា។
ចំណែក ជ័យជម្នះរបស់ Porto នេះធ្វើឱ្យគេនឹកឃើញដល់ឆ្នាំ២០០៤ដែលកាលណោះក្រោមការដឹកនាំរបស់លោក Jose Mourinho ក្រុម Porto បានទម្លាក់ Man Utd ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយបាល់ហ្វ្រ៊ីឃីកចុងម៉ោងដូចគ្នា កាលណោះស៊ុតដោយ Costinha។ Porto ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយឈ្នះជាបន្តបន្ទាប់រហូតលើកពាន UCL ឆ្នាំនោះ។
នេះក៏ជាលើកទី១ផងដែរតាំងពីរដូវកាល២០០៣-០៤មក ដែល Porto ឡើងទៅជុំបន្ទាប់ UCL ក្រោយឈ្នះជើងទី១វគ្គ knock-out៕