ជើងឯកពិភពលោកទម្ងន់ស្រាលកំពុងពេញល្បី២រូបព្រមព្រៀងប្រកួតគ្នាខែក្រោយ

Monghak Yong
17 មើល
1 នាទីអាន
- Advertisement -

កំពូលអ្នកប្រដាល់ទម្ងន់ស្រាលអ៊ុយក្រែន Vasyl Lomachenko និងកំពូលអ្នកប្រដាល់ទម្ងន់ស្រាលអាមេរិក-ហុងឌុយរ៉ាស Teofimo Lopez នឹងប៉ះគ្នាក្នុងការប្រកួតដាក់ខ្សែក្រវាត់ដែលមានអ្នកទន្ទឹងរង់ចាំបំផុត នៅ Las Vegas ថ្ងៃទី១៧ខែតុលាឆ្នាំ២០២០។

Lomachenko កំពុងគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ស្រាលពិភពលោករបស់ស្ថាប័ន WBA, WBO និង WBO Franchise ទម្ងន់១៣៥ផោន(៦១.២គក) ខណៈ Lopez ជាម្ចាស់ខ្សែក្រវាត់ IBF។

អ្នកស្រលាញ់កីឡាប្រដាល់ទន្ទឹងរង់ចាំការប្រកួតនេះខ្លាំង ដោយសារ Lomachenko វ័យ៣២ឆ្នាំ បានប្រកួតឈ្នះ១៤ដង ចាញ់១ដង ផ្ដួលដៃគូសន្លប់១០ដង ក្នុងការឡើងសង្វៀនអាជីព១៥លើក។ ចំណែក Lopez វ័យ២៣ឆ្នាំ ឡើងរេញ១៥ដង ឈ្នះរហូត និងផ្ដួលដៃគូសន្លប់១២ដង។

ថ្វីបើ Lamochenko ចាស់ជាង Lopez ៩ឆ្នាំ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់គេនៅតែល្បីរន្ទឺ ដោយបានឈ្នះមេដាយមាសអូឡាំពិក២គ្រឿងនិងឈ្នះជើងឯកពិភពលោកក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នាក្នុងនាមជាអ្នកប្រដាល់អាជីព។

Lopez និយាយថាស័ករាជរបស់ Lamonchenko នឹងត្រូវបញ្ចប់ ដោយគេនឹងផ្ដួល Lamochenko ហើយយកខ្សែក្រវាត់ទាំងអស់មកគ្រប់គ្រង។

ប៉ុន្តែ Lamochenko ដែលបានផ្ដួលជើងខ្លាំងពិភពលោកជាច្រើនរួមទាំង Luke Campbell, Anthony Crolla, Jose Pedraza, Jorge Linares និង Guillermo Rigondeaux ផងនោះ តបវិញថា Lopez ពូកែតែនិយាយតែគ្មានបានធ្វើអីអស្ចារ្យទេ២ឆ្នាំចុងក្រោយនេះ។ Lamochenko បន្ថែមថា Lopez នឹងស៊ីកណ្ដាប់ដៃរបស់លោក និងលេបសម្ដីខ្លួនឯងវិញនៅ Las Vegas ហើយខ្សែក្រវាត់ពិភពលោកទាំង៤នឹងវិលទៅផ្ទះជាមួយលោកនៅអ៊ុយក្រែន៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕