កំពូលអ្នកប្រដាល់ម៉ិកស៊ីកូ Canelo Alvarez ប្ដឹង DAZN និង De La Hoya ទារសំណងជិត៣០០លានដុល្លារ

1 នាទីអាន
- Advertisement -

ជើងឯកពិភពលោក៤ប្រភេទទម្ងន់ Saul Canelo Alvarez កំពុងប្ដឹងក្រុមហ៊ុនផ្សាយអនឡាញ DAZN និងភ្នាក់ងារផ្គូផ្គងកីឡាករ Golden Boy Promotions របស់អតីតកំពូលអ្នកប្រដាល់ Oscar de la Hoya ទារសំណងយ៉ាងហោច២៨០លានដុល្លារ។

ពាក្យបណ្ដឹងនៅតុលាការស្រុកមួយក្នុងរដ្ឋកាលីហ្វ៉ញ៉ា បញ្ជាក់ថា Canelo កំពុងប្ដឹងពាក់ព័ន្ធនឹងការរំលោភកិច្ចសន្យាដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។

កាលពីឆ្នាំ២០១៨ Canelo បានស៊ីញេលើកិច្ចព្រមព្រៀងតម្លៃ៣៦៥លានដុល្លារសម្រាប់ការប្រកួត១១លើកជាមួយ DAZN។

ពាក្យបណ្ដឹងរបស់ Canelo មាន១១ចំណុច រួមបញ្ចូលទាំងការបំពានកិច្ចសន្យា, ការជ្រៀតជ្រែកដោយធ្វេសប្រហែស និងបោកប្រាស់។

ឯកសារក្នុងតុលាការបង្ហាញអំពីលក្ខខណ្ឌក្នុងកិច្ចសន្យាថាក្រោយការប្រកួតទី១ក្នុងចំណោម១១ប្រកួតដែលបានព្រមព្រៀងគ្នានោះ DAZN នឹងបង់៤០លានដុល្លារដល់ Golden Boy Promotions សម្រាប់១០ប្រកួតដែលនៅសល់ និងបង់៣៥លានដុល្លារដល់កីឡាករក្នុងការប្រកួតមួយលើក។

ប៉ុន្តែក្រោយប្រកួត៣ដងរួចមក គ្មានឡើយការព្រមព្រៀងគ្នាសម្រាប់ការប្រកួតទី៤។ Canelo និយាយថា DAZN បានតបលិខិតមកក្រុមការងាររបស់គេថាពួកគេនឹងមិនបង់៤០លានដុល្លារដល់ Golden Boy Promotions សម្រាប់ការប្រកួតបន្ទាប់ទេ។

អ្នកប្រដាល់ម៉ិកស៊ីកូវ័យ៣០ឆ្នាំខាងលើនិយាយថាគេប្ដឹងភាគីទាំង២ខាងលើចំពោះការបំពានកិច្ចសន្យានិងទារសំណងយ៉ាងហោច២៨០លានដុល្លារសម្រាប់ការខូចខាត។

DAZN ទទូចថាកិច្ចព្រមព្រៀងដែលបានធ្វើជាមួយ Golden Boy Promotions បានដាក់បញ្ចូលសិទ្ធិអនុម័តលើគូប្រកួតបន្ទាប់របស់ Canelo។ ហើយការណ៍ដែល Canelo មិនវាយជាមួយ Gennady Golovkin ក្នុងឆ្នាំ២០១៩ ជាកត្តាមួយក្នុងចំណោមកត្តាដែលនាំឱ្យពួកគេសម្រេចចិត្តមិនបង់លុយឱ្យសម្រាប់ការប្រកួតបន្ទាប់។

រីឯ Canelo វិញអះអាងថាកិច្ចព្រមព្រៀងដើមជាមួយ Golden Boy Promotions មិនបានបញ្ជាក់ថា DAZN នឹងមានសិទ្ធិទទួលឬបដិសេធគូប្រកួតបន្ទាប់របស់គេនោះទេ។ ដូច្នេះគេប្ដឹង Golden Boy Promotions ពីបទបោកប្រាស់ ដោយសន្យាជាមួយគេផ្សេង រួចទៅសន្យាជាមួយ DAZN ផ្សឹង គឺផ្ទុយគ្នា។

ចំណែក Golden Boy Promotions វិញបានប្រាប់សារព័ត៌មានអាមេរិកថាស្ថាប័ននេះមិនបានសន្យាជាមួយនរណាថា Canelo នឹងប្រកួតជាមួយគូប្រកួតជាក់លាក់ណាមួយនោះឡើយ។ ក្រុមហ៊ុនរបស់លោក De La Hoya បន្ថែមថា DAZN ជាអ្នកមិនគោរពកិច្ចសន្យារបស់ Canelo ដោយមិនព្រមទទួលយកគូប្រកួតលេចធ្លោដែល Golden Boy បានដាក់ឱ្យ និងមិនបង់លុយតាមចំនួនកំណត់ក្នុងកិច្ចសន្យា។

ដោយឡែកសូមជម្រាបថា Canelo បានស្មើ២ដងនិងចាញ់តែ១ដងគត់ក្នុងការប្រកួតអាជីព៥៦លើកតាំងពីឆ្នាំ២០០៥មក ដោយបានចាញ់ Floyd Mayweather ក្នុងឆ្នាំ២០១៣ ដោយពិន្ទុមិនឯកច្ឆ័ន្ទ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕