អ្នកចាត់ការ Real Madrid លោក Zinedine Zidane និយាយថាលោកមិនអាចពន្យល់បានឡើយអំពីបញ្ហារបួសរបស់ Eden Hazard។
ខ្សែប្រយុទ្ធស្លាបបែលហ្ស៊ិកវ័យ៣០ឆ្នាំ ទើបតែសះស្បើយពីបញ្ហាសាច់ដុំនិងបានចូលលេង១៥នាទីចុងក្រោយនៃប្រកួតឈ្នះ២-១លើ Elche កាលថ្ងៃអាទិត្យ។
ប៉ុន្តែពេលនេះគេនឹងត្រូវអវត្តមានការប្រកួតជើងទី២វគ្គ១៦ក្រុម Champions League ទល់នឹង Atalanta ស្របពេល Casemiro ជាប់បម្រាម ក្រោយរងពិន័យកាលជើងទី១ដែល Real ឈ្នះ១-០ក្រៅផ្ទះ។
លោក Zidane និយាយថា៖ «វាជារឿងថ្មីមួយ។ ខ្ញុំពិតជាមិនអាចពន្យល់បន្ថែមបានទេ។ ក្នុងអាជីពរបស់គេមុនមកចូលរួម Real Madrid គេមិនដែលរបួសទេ ឬក៏ថារបួសតិចតួចណាស់។ ពួកយើងចង់ជួយគេនិងសង្ឃឹមថាគេឆាប់ជា។ វាជាបញ្ហាដែលខ្ញុំមិនអាចពន្យល់បាន។ ពួកយើងនឹងព្យាយាមស្វែងរកឱ្យឃើញថាហេតុអ្វីរបួសអស់នេះកើតឡើង តែពេលនេះខ្ញុំមិនអាចពន្យល់អ្វីបានទេ»។
តាំងពីផ្ទេរមក Real ពី Chelsea ក្នុងឆ្នាំ២០១៩ Hazard ទើបតែលេង La Liga បាន២៥លើកប៉ុណ្ណោះ៕