Skip to content
ការប្រកួតប្រដាល់ទម្ងន់ធ្ងន់ដ៏ធំបំផុតរវាង Joshua និង Fury ត្រូវបានស៊ីញេរួចហើយ
    ទំព័រដើម  »  កីឡាជាតិ

ការប្រកួតប្រដាល់ទម្ងន់ធ្ងន់ដ៏ធំបំផុតរវាង Joshua និង Fury ត្រូវបានស៊ីញេរួចហើយ

អ្នកផ្គូរផ្គង​របស់ Anthony Joshua លោក Eddie Hearns និយាយ​ថា​កិច្ច​ព្រមព្រៀង​ប្រកួត​២​ដង​ជាមួយ Tyson Fury ​ត្រូវ​បាន​ស៊ីញេ​រួច​ហើយ នៅ​ឡើយ​តែ​ទីតាំង​និង​កាល​បរិច្ឆេទ​ប្រកួត​ប៉ុណ្ណោះ​។

ជំនួប​រវាង​កំពូល​អ្នក​ប្រដាល់​​​ជនជាតិ​អង់គ្លេស​ទាំង​២​ Joshua និង Fury នឹង​ក្លាយ​ជា​ការ​ប្រកួត​ដំបូង​ដែល​ដាក់​ខ្សែ​ក្រវាត់​ទាំង​៤​​ឱ្យ​ដណ្ដើម​គ្នា​​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​​។

Joshua ​វ័យ​៣១​ឆ្នាំ កំពុង​គ្រប់គ្រង​ខ្សែ​ក្រវាត់ WBA, WBO និង IBF ខណៈ Fury ​វ័យ​៣២​ឆ្នាំ កាន់​កាប់​ខ្សែ​ក្រវាត់ WBC។

លោក Hearns ប្រាប់ ESPN ​ថា​ខែ​ក្រោយ​ទីតាំង​ប្រកួត​នឹង​ត្រូវ​បាន​បញ្ជាក់ ស្រប​ពេល​មាន​សំណើ​ពី​ទីតាំង​៨​ទៅ​៩​ផ្សេង​គ្នា​ស្នើ​ទទួល​រៀប​ចំ​ការ​ប្រកួតនេះ ដូច​ជា​នៅ​មជ្ឈឹម​បូព៌ា, អាស៊ី, អឺរ៉ុប​ខាង​កើត និង អាមេរិក​។

គួរ​រំឭក​ថា កីឡាករ​ទម្ងន់​ធ្ងន់​​​ចុង​ក្រោយ​​ដែល​កាន់​ខ្សែ​ក្រវាត់​​គ្រប់​ស្ថាប័ន​គឺ​កីឡាករ​អង់គ្លេស Lennox Lewis ពី​ឆ្នាំ​១៩៩៩​ដល់​២០០០ មុនពេល​មាន​លក្ខខណ្ឌ​ថ្មី​ថា​កីឡាករ​ប្រដាល់​ទាល់​តែ​មាន​ខ្សែ​ក្រវាត់ WBO មួយ​ថែម​ទៀត​ទើប​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជើងឯក​គ្មាន​គូ​ប្រៀប​។

Joshua ​វាយ​២៥​ដង ឈ្នះ​២៤​ដង (ឈ្នះ​សន្លប់​២២​ដង) និង​ចាញ់​ម្ដង គឺ​ក្រោម​ថ្វី​ដៃ​ Andy Ruiz Jr ក្នុង​ខែ​មិថុនា​ឆ្នាំ​២០១៩ ដែល​នាំ​ឱ្យ​បាត់បង់​ខ្សែ​ក្រវាត់​ទាំង​៣ មុន​ពេល​ឈ្នះ​មក​វិញ​ក្នុងការ​ប្រកួត​សង​សឹក​ក្នុង​ខែ​ធ្នូ​ឆ្នាំ​ដដែល​។ គេ​បាន​ការពារ​ខ្សែ​ក្រវាត់​ទាំង​នេះ​ដោយ​ជោគជ័យ​ទល់​នឹង Kubrat Pulev នៅ Wembley ខែ​ធ្នូ​ឆ្នាំ​មុន​។

ចំណែក Fury មិន​ដែល​ចាញ់​ទេ ដោយ​ឈ្នះ​៣០ដង (ឈ្នះ​សន្លប់​២១​ដង) ពី​៣១​ប្រកួត​។ គេ​បាន​ស្មើ​ជាមួយ Deontay Wilder ក្នុង​ឆ្នាំ​២០១៨ មុន​ឈ្នះ​ក្នុងការ​ប្រកួត​ជា​ថ្មី​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ដែល​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​គេ​។ គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់ WBA, IBF និង WBO ដោយ​ផ្ដួល Wladimir Klitschko ក្នុង​ឆ្នាំ​២០១៥ មុន​ពេល​បាត់​មុខ​ពី​កីឡា​ជិត​៣​ឆ្នាំ​ដោយសារ​ជំងឺ​បាក់ទឹក​ចិត្ត៕