Skip to content
គ្រូជម្រើសជាតិហុល្លង់ថា Van De Beek មិនសប្បាយចិត្តនៅ Man Utd ទេ ប៉ុន្តែ…
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូជម្រើសជាតិហុល្លង់ថា Van De Beek មិនសប្បាយចិត្តនៅ Man Utd ទេ ប៉ុន្តែ…

គ្រូ​បង្គោល​ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ហុល្លង់​និយាយ​ថា​ខ្សែ​បម្រើ Donny van de Beek មិន​សប្បាយ​ចិត្ត​ទេ​នៅ Manchester United ប៉ុន្តែ​គេ​​មិន​ភ័យ​ស្លន់ស្លោ​ចំពោះ​ស្ថានភាព​នេះ​ឡើយ​។

លោក Frank de Boer សង្កត់​ធ្ងន់​ថា Van De Beek ដែល​បាន​ផ្ទេរ​មក​ពី Ajax ក្នុង​តម្លៃ​៤០​លាន​ផោន (៥៦​លាន​ដុល្លារ) មិន​បោះបង់​ការព្យាយាម​នៅ Old Trafford ឡើយ​។

តាំង​ពី​មក​ដល់​ Manchester ក្នុង​ខែ​កញ្ញា​ឆ្នាំ​មុន​មក Van De Beek មិន​សូវ​បាន​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​លោក Ole Gunnar Solskjaer ទេ និង​ថែម​ទាំងមាន​ព័ត៌មាន​ខ្លះ​ផ្សាយ​ថា​គេ​បាន​ស្នើ​ផ្ទេរ​ចេញ​ពី​ក្រុម​បិសាច​ក្រហម​ទៀត​ផង​។

ប៉ុន្តែ​លោក De Boer ទទូច​ថា​លោក​ជឿ​កីឡាករ​វ័យ​២៣​ឆ្នាំ​ខាង​លើ​នៅ​តែ​អាច​ជោគជ័យ​ក្នុង​អាជីព​នៅ​អង់គ្លេស​។

គ្រូ​បង្គោល​ហុល្លង់​និយាយ​ប្រាប់ talkSPORT ​ថា​៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​ក្លិប Ajax ហើយ​ពួក​គេ​ថា​ដំណឹង​ដែល​ថាគេ​ចង់​ចេញ​ពី Man Utd នោះ​គឺ​មិន​ពិត​ទេ​។ គេ​កំពុង​ផ្ដោត​លើ​ការ​ព្យាបាល​ក​ជើង​របស់​គេ​។ ភ្នាក់ងារ​របស់​គេ​ក៏​បាន​ប្រាប់​ខ្ញុំ​ដែរ​ថា​គេ​មិន​សប្បាយ​ចិត្ត​ទេដែល​គេ​មិន​សូវ​បាន​​ចូលលេង​។ គេ​ទើប​តែ​បាន​ចាប់ផ្ដើម​​ការ​ប្រកួត​២​ដង​ប៉ុណ្ណោះ​ក្រោម​ការ​បង្វឹក​របស់​ Solskjaer​។ នោះ​មិនមែនជា​អ្វី​ដែល​គេ​បាន​សង្ឃឹម​ទុក​ទេ​ពេល​គេ​ចូល​រួម Man Utd។ គេ​ចង់​លេង​គ្រប់​ប្រកួត​។ ប៉ុន្តែ​គេ​មិន​បារម្ភ​ទេ​​​រឿង​ថា​គេ​​មិនអាច​ជោគជ័យ​នោះ។ គេ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ក្រោយ​ឆ្នាំ​នេះ សួរ​ខ្លួន​ឯង​ថា​​កំពុង​ឈរ​នៅ​ទីណា? តើមាន​លទ្ធភាព​ជោគជ័យ​នៅ​ទីនេះឬ​អត់?​ បើ​មិន​ដូច្នោះ​ទេ មាន​តែ​ត្រូវ​ផ្ទេរ​ចេញ»។

ទោះ​យ៉ាង​ណា Van De Beek បាន​ប្រាប់​លោក​ថា Man Utd យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​បាន​ល្អ​បំផុត ហើយ​គេ​មាន​អារម្មណ៍​ថា​មាន​ក្ដី​ស្រលាញ់​នៅទីនេះ​៕