ក្លិបតោខៀវ Chelsea ត្រូវបានរាយការណ៍ថា មានបំណងចង់នាំយកខ្សែប្រយុទ្ធ Romelu Lukaku ត្រលប់មកវិញ ប្រសិនបើពួកគេមិនអាចចរចាផ្ទេរ Erling Haaland បាននៅរដូវក្ដៅខាងមុខ។
ខ្សែប្រយុទ្ធជនជាតិបែលហ្ស៊ិក កំពុងស្ថិតនៅក្នុងចំណោមខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់នាពេលបច្ចុប្បន្ន ក្រោយចាកចេញពី Chelsea កាលពីឆ្នាំ២០១៤។ បច្ចុប្បន្នគេរកគ្រាប់បាល់បាន៤២គ្រាប់ ពីការបង្ហាញខ្លួន៦២ប្រកួតនៅ Serie A ឱ្យក្លិបអ៊ីតាលី Inter Milan ក្រោយចូលរួមទីនោះ ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ៧៤លានផោន។
តាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph បានឱ្យដឹងថា Chelsea នឹងកំណត់គោលដៅចំបងក្នុងការនាំយកខ្សែប្រយុទ្ធចូលក្រុមនៅរដូវក្ដៅនេះ ខណៈ Timo Werner ដែលពួកគេទិញក្នុងតម្លៃ ៤៥លានផោនពី RB Leipzig កាលពីឆ្នាំមុន ពុំទាន់សម្របខ្លួនបានល្អនៅអង់គ្លេសនៅឡើយទេ។
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Haaland របស់ក្លិប Borussia Dortmund ជាកីឡាករគោលដៅចំបងរបស់ Chelsea ប៉ុន្ដែតម្លៃផ្ទេររបស់គេត្រូវបានកំណត់ប្រមាណ១៥០លានផោន ខណៈ Lukaku ក៏ស្ថិតនៅក្នុងជម្រើសបន្ទាប់សម្រាប់ប្រធានក្លិប Chelsea ដែលអាចមានតម្លៃធូរថ្លៃជាង ខ្សែប្រយុទ្ធជនជាតិន័រវែស៕