គ្រូជំនួយសាលារៀនវ៉េស្ទឡាញន៍លោក ផាន់នី អ៊ីរដ្ឋា បានមើលឃើញពីចំណុចសំខាន់ៗ ២យ៉ាងដែលធ្វើឱ្យក្រុមរបស់លោកធ្វើមិនសូវបានល្អក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣នេះ ពោលកត្តាក្រុមកីឡាកររបស់លោកភាគច្រើនជាសិស្សដែលរៀនថ្នាក់ទី ១២ និងមួយវិញទៀតក្រុមវ៉េស្ទឡាញន៍លោកមិនសូវមានពេលវេលាហ្វឹកហាត់ជាមួយគ្នាទៀងទាត់។
យ៉ាងណាមិញអតីតកីឡាករ ជម្រើសជាតិ ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ក៏បានលើឡើងថាចំពោះរដូវកាលក្រោយៗទៀត ក្រុមលោកនឹងព្យាយាមជ្រើសរើសកីឡាករដែលរៀនត្រឹមថ្នាក់ទី ១១ចុះ ដើម្បីបញ្ជៀសករណីដូចលើកនេះទៀត។ អ្វីគួរកត់សម្គាល់ទៅទៀតនោះ លោកថាសមត្ថភាពរបស់ក្រុមដែលចូលរួមក្នុងរដូវកាលទី៣ សុតសឹងតែក្រុមខ្លាំង និងមានការអភិវឌ្ឃទៅមុខជាលំដាប់។
“រដូវកាលនេះធ្វើមិនសូវបានល្អដោយសារបញ្ហាកីឡាករនៅមានកម្រិត ការហ្វឹកហាត់មិនសូវបានទៀងទាត់ច្រើនមួយអាទិត្យអាចបានមួយពេល ឬពីរពេល ពេលខ្លះមិនមានការហ្វឹកហាត់ទៀតផង ណាមួយទៀតកីឡាករភាគច្រើនជាសិស្សថ្នាក់ទី១២”។
ពានរង្វាន់ AIA ជើងឯកវិទ្យាល័យត្រូវបានបញ្ចប់សព្វគ្រប់ក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមសាលារៀនវ៉េស្ទឡាញន៍បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ចុងក្រោយគេ ពោលប្រកួត ១១លើក ចាញ់ ៩លើក ស្មើ២លើក និងមិនដែលស្គាល់ពាក្យឈ្នះនោះឡើយ៕