ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឲ្យព័រទុយហ្គាល់ ៣ ប្រកួតកន្លងទៅនេះ Cristiano Ronaldo រកបានតែ១គ្រាប់ប៉ុណ្ណោះ នាំឲ្យគ្រាប់បាល់សរុបនៅជម្រើសជាតិបានរំកិលឡើងមក ១០៣គ្រាប់ ដោយត្រូវការ៦គ្រាប់ទៀតដើម្បីតាមទាន់អតីតខ្សែប្រយុទ្ធ Ali Daei ដែលជាកីឡាករទី ១ ក្នុងប្រវត្តិសាស្រ្តដែលមានគ្រាប់បាល់ជូនជម្រើសជាតិច្រើនបំផុត ១០៩គ្រាប់។
យ៉ាងណាការប្រកួតនៅជម្រើសជាតិគឺត្រូវបញ្ចប់សិនហើយ ដោយរង់ចាំរយៈពេលជាង ២ ខែទៀតទើបត្រលប់មកវិញ។ នោះគឺនៅខែមិថុនា ដែលព័រទុយហ្គាល់ត្រូវឆ្លងកាត់ការប្រកួតដល់ទៅ ៥ ឯណោះ មានដូចជាមិត្តភាព ២ លើក និងនៅវគ្គជម្រុះតាមពូល UEFA Euro ៣ ប្រកួត ឬអាចមានលើសហ្នឹងប្រសិនព័រទុយហ្គាល់បានឡើង។
ក្នុងនោះរួមមានជួបប្រកួតតទល់នឹងអេស្ប៉ាញនៅថ្ងៃទី ៥ មិថុនា ប៉ះអ៊ីស្រាអែលថ្ងៃទី ១០ មិថុនា ប៉ះហុងគ្រី (Euro) ១៥ មិថុនា ត្រូវតតាំងជាមួយអាល្លឺម៉ង់ (Euro) ១៩ មិថុនា និងប៉ះបារាំង (Euro) ២៤ មិថុនា។
និយាយទៅមានភាគរយខ្ពស់ដែល Ronaldo អាចបំបែកកំណត់ត្រាខាងលើបានមុន អតិតខ្សែប្រយុទ្ធ Real Madrid រូបនេះឈានចូលវ័យ ៣៧ ឆ្នាំនៅឆ្នាំក្រោយ ២០២២ ព្រោះអស់ពី Euro ក៏នៅមានប្រកួតចំនួន ៧ ទៀតដូចជាវគ្គជម្រុះបឋម World Cup និងមិត្តភាពផ្សេងៗ ដែលសមល្មម CR7 នឹងអាចធ្វើបានត្រឹម ៧ គ្រាប់នោះ៕