ក្លិបបាល់ទាត់ធំៗរបស់អេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី បានរួមគ្នាបង្កើតពាន European Super League ប៉ុន្តែគ្មានឡើយការចូលរួមរបស់ក្លិបមកពីបារាំងនិងអាល្លឺម៉ង់។
ក្លិបយក្សដូចជា Paris St Germain និង Bayern Munich មិនពាក់ព័ន្ធឡើយក្នុងគម្រោង ESL ដែលមាន Real Madrid, Barcelona, Atletico Madrid, Manchester United, Manchester City, Liverpool, Arsenal, Chelsea, Tottenham, Juventus, Inter Milan និង AC Milan។ ហេតុអ្វី?
ក្នុងករណី PSG អាចពាក់ព័ន្ធនឹងនយោបាយច្រើន នៅត្រង់ថាក្លិបនេះជារបស់ក្រុមហ៊ុនវិនិយោគកីឡាកាតារ QSI ដែលមានលោក Nasser Al-Khelaifi ជាប្រធានក្លិប។
លោក Al-Khelaifi និង QSI មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយ UEFA និង FIFA។ ក្រុមហ៊ុន BeIN Sports របស់ពួកគេកាន់កាប់សិទ្ធិផ្សាយ Champions League ខណៈកាតារខ្លួនឯងនឹងធ្វើម្ចាស់ផ្ទះ World Cup 2022។
ទាំង UEFA និង FIFA បានបង្ហាញជំហរប្រឆាំងនឹងការបង្កើតពាន ESL ស្របពេលលោក Al-Khelaifi រក្សាទំនាក់ទំនងល្អជាមួយប្រធាន UEFA លោក Aleksander Ceferin។
មានចចាមអារ៉ាមថា លោក Al-Khelaifi អាចក្លាយជាប្រធានថ្មីរបស់សមាគមក្លិបបាល់ទាត់អឺរ៉ុប (European Clubs Association) បន្ទាប់ពីប្រធានមុន Andrea Agnelli ចុះពីតំណែងដើម្បីទៅចូលរួមពាន ESL។ ម្យ៉ាងទៀត បើចូលលេងពាន ESL នោះ PSG អាចត្រូវចាយលុយកាន់តែច្រើនថែមទៀតដើម្បីចងជើងកីឡាករល្បីៗ។
កិច្ចសន្យារបស់ Neymar និង Mbappe ជាមួយ PSG នឹងផុតសុពលភាពក្នុងឆ្នាំ២០២២ ហើយវាអាចពិបាកក្នុងការបញ្ចុះបញ្ចូលពួកគេឱ្យបន្តកិច្ចសន្យាថ្មី។
កាសែតបារាំង L’Equipe បានធ្វើរូបភាពលើទំព័រមុខរបស់ពួកគេដោយបំបែកបារាំងនិងអាល្លឺម៉ង់ចេញពីអឺរ៉ុប អមដោយឃ្លាថា៖ «សង្គ្រាមអ្នកមាន»។
នៅអាល្លឺម៉ង់ឯណោះវិញ ស្ថានភាពខុសពីនេះ។ ក្លិបបាល់ទាត់អាល្លឺម៉ង់តែងតែរក្សាភាពជិតស្និទ្ធជាមួយអ្នកគាំទ្ររបស់ពួកគេ ដូច្នេះបំណងចូលរួមពាន Super League គឺសឹងតែគ្មានសម្រាប់ពួកគេ។
ប្រធានប្រតិបត្តិ Dortmund លោក Hans-Joachim Watzke ទម្លាយថាទាំងក្លិបរបស់លោកនិង Bayern បានបដិសេធសំណើចូលរួមពាន Super League។ ក្លិបទាំង២នេះចង់បានការកែទម្រង់ពាន Champions League ជំនួសវិញ។