អម្បាញ់មិញនេះ Premier League បានចេញសេចក្ដីថ្លែងការណ៍មួយអំពីការប្រឆាំងយ៉ាងខ្លាំងចំពោះការបង្កើតពានរង្វាន់ European Super League ដែលមានក្លិបធំទាំង៦របស់អង់គ្លេសចូលរួមដែរ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍មានដូចខាងក្រោមនេះ៖
Premier League រួមជាមួយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានជួបជាមួយក្លិបចំនួន១៤នៃកំពូលអង់គ្លេស(អវត្តមាន Top 6)នៅថ្ងៃអង្គារទី២០ខែមេសាឆ្នាំ២០២១នេះដើម្បីពិភាក្សាអំពីគម្រោងការ Super League។
ក្លិបទាំង១៤នៅក្នុងអង្គប្រជុំបានមូលមតិគ្នាជាឯកច្ឆន្ទដើម្បីជំទាស់យ៉ាងមុតមាំចំពោះផែនការនៃការប្រកួតពានខាងលើ។
Premier League កំពុងពិចារណាគ្រប់វិធានការដែលមានដើម្បីរារាំងពាននេះមិនឱ្យដំណើរការទៅបាន ព្រមទាំងរាំងខ្ទប់ក្លិបដែលពាក់ព័ន្ធទាំងនោះតាមបទបញ្ញត្តិដែលមាន។
Premier League នឹងបន្តធ្វើការជាមួយភាគីសំខាន់ៗរួមទាំង ក្រុមអ្នកគាំទ្រ, រដ្ឋាភិបាល, UEFA, FA, EFL, PFA និង LMA ដើម្បីការពារផលប្រយោជន៍បាល់ទាត់ឱ្យបានល្អបំផុត និងអំពាវនាវដល់ក្លិបទាំងនោះដែលពាក់ព័ន្ធក្នុងគម្រោងការខាងលើឱ្យបញ្ឈប់ជាបន្ទាន់នូវការពាក់ព័ន្ធរបស់ពួកគេ។
Premier League សូមថ្លែងអំណរគុណដល់អ្នកគាំទ្រនិងម្ចាស់ហ៊ុនទាំងអស់ចំពោះការគាំទ្រដែលពួកគេបានបង្ហាញក្នុងសប្ដាហ៍នេះលើបញ្ហាដ៏សំខាន់នេះ។
ប្រតិកម្មនេះបញ្ជាក់ឱ្យឃើញថាសហគមបាល់ទាត់ដែលបើកចំហ(មានឡើងមានធ្លាក់)របស់យើងមានន័យយ៉ាងខ្លាំងចំពោះមនុស្សទាំងឡាយ៕