ម្ចាស់ក្លិបបាល់ទាត់ Liverpool លោក John W Henry បានសូមទោសអ្នកគាំទ្រក្លិបហង្សក្រហមចំពោះការរំខានបណ្ដាលមកពីគម្រោងបង្កើតពាន European Super League។
មហាសេដ្ឋីជនជាតិអាមេរិកវ័យ៧១ឆ្នាំទទួលយកទំនួលខុសត្រូវម្នាក់ឯងចំពោះការកើតឡើងភាពអវិជ្ជមានដែលមិនចាំបាច់នេះ ដោយនិយាយថា៖ «ក្នុងកិច្ចខិតខំមួយនេះ ខ្ញុំបានធ្វើឱ្យអ្នកខកចិត្ត»។
លោកបន្ថែមថា៖ «គម្រោងដែលដាក់មកមិនអាចលេចចេញជារូបរាងឡើយបើគ្មានការគាំទ្រពីអ្នកគាំទ្រ។ ក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ អ្នកទាំងអស់គ្នាច្បាស់លាស់ថាវានឹងមិនកើតឡើង។ ពួកយើងបានឮអំពីអ្នក។ ខ្ញុំបានឮអំពីអ្នក»។
អ្នកជំនួញដែលជាម្ចាស់ក្លិបបេសបល Boston Red Sox និង Miami Marlins ផងនោះក៏បានសូមទោសលោក Jurgen Klopp កីឡាករដែរ និងនាយកប្រតិបត្តិផងដែរ និងសន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីនាំយកមកវិញនូវទំនុកចិត្តរបស់អ្នកគាំទ្រ។ លោកនិយាយថា៖ «ពួកគេ(អ្នកចាត់ការ កីឡាករ នាយកប្រតិបត្តិ) មិនពាក់ព័ន្ធសោះឡើយក្នុងការបង្កការរំខាននេះ។ ផ្ទុយទៅវិញពួកគេបានរងការរំខានខ្លាំងបំផុតនិងយ៉ាងអយុត្តិធម៌ដោយសាររឿងនេះ។ នេះជាអ្វីដែលបង្កការឈឺចាប់បំផុត។ ពួកគេស្រលាញ់ក្លិបនិងធ្វើការដើម្បីឱ្យអ្នកមានមោទកភាពរាល់លថ្ងៃ។ ជាថ្មី! ខ្ញុំសូមទោសហើយខ្ញុំជាមនុស្សតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវចំពោះភាពអវិជ្ជមានមិនចាំបាច់ដែលបានកើតឡើងក្នុងពេល២ថ្ងៃកន្លងមកនេះ»។
មុនពេល Liverpool ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ពីការដកខ្លួនចេញពីពាន ESL ប្រធានក្រុម Jordan Henderson បាននិយាយលើបណ្ដាញសង្គមថា៖ «ពួកយើងមិនចូលចិត្តពាននេះឡើយហើយពួកយើងមិនចង់ឱ្យវាកើតឡើងទេ»។ សារនេះត្រូវបានកីឡាករ Liverpool ដទៃទៀតជាច្រើននាក់យកទៅបង្ហោះបន្ត ខណៈ អ្នកចាត់ការ Jurgen Klopp និងខ្សែបម្រើ James Milner បានបង្ហាញទស្សនៈតាំងពីដំបូងថាមិនគាំទ្រការបង្កើតពាន ESL។
សូមជម្រាបថា ក្រោយការប្រកាសចូលរួមពាន ESL ដោយក្លិបធំអង់គ្លេសទាំង៦ មានប្រតិកម្មថ្កោលទោសនិងជំទាស់យ៉ាងខ្លាំងពី Premier League, FA, រដ្ឋាភិបាលអង់គ្លេស កីឡាករ និងអ្នកគាំទ្រ ស្របពេល UEFA និង FIFA បានប្រឆាំងដាច់ណាត់នឹងការបង្កើតពានបំបែកខ្លួនខាងលើ។
ក្នុងចំណោមក្លិបស្ថាបនិកទាំង១២ មកទល់ពេលនេះ មានក្លិបស្ថាបនិកចំនួន៨ហើយដែលបានចេញសេចក្ដីថ្លែងការណ៍ដកខ្លួនចេញវិញ គឺ Manchester City, Chelsea, Manchester United, Liverpool, Tottenham, Arsenal, Atletico Madrid, AC Milan និង Inter Milan៕