មហាសេដ្ឋីអាមេរិក Stan Kroenke និង Josh Kroenke និយាយថាពួកគេនៅតែប្ដេជ្ញាចិត្ត១០០%ចំពោះក្លិប Arsenal និងថាពួកគេនឹងមិនលក់ភាគហ៊ុនឡើយ។
វីរបុរស Arsenal លោក Thierry Henry, Dennis Bergkamp និង Patrick Vieira បានចូលរួមជាមួយមហាសេដ្ឋី Daniel Ek ស្ថាបនិក Spotify ដើម្បីដេញថ្លៃទិញក្លិប Arsenal។ មហាសេដ្ឋីស៊ុយអែត Ek វ័យ៣៨ឆ្នាំ មានទ្រព្យសម្បត្តិ៤,៧ពាន់លានដុល្លារ (៣,៣៨ពាន់លានផោន)។ លោកបានបង្ហោះលើ Twitter ថាលោករីករាយនឹងទិញយក Arsenal ប្រសិនម្ចាស់ក្លិបបច្ចុប្បន្នចង់លក់។
អ្នកគាំទ្រជាង១ពាន់នាក់បានតវ៉ាប្រឆាំងនឹងម្ចាស់ក្លិប Arsenal បច្ចុប្បន្នកាលពីថ្ងៃសុក្រ។
ទោះយ៉ាងណា ថៅកែ Arsenal និយាយថាពួកគេមិនទទួលបានសំណើដេញថ្លៃណាមួយឡើយ ហើយពួកគេក៏នឹងមិនទទួលសំណើណាដែរ។
លោកសង្កត់ធ្ងន់ថា៖ «មហិច្ឆតារបស់ពួកយើងសម្រាប់ Arsenal នៅតែជាការប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់ធំៗបំផុត ហើយការផ្ដោតរបស់ពួកយើងនៅតែនៅលើការបង្កើនភាពប្រកួតប្រជែងលើទីលានដើម្បីសម្រេចបានមហិច្ឆតានេះ»។
Arsenal ថ្មីៗនេះបានចូលរួមបង្កើតពាន European Super League ជាមួយក្លិប១១ផ្សេងទៀត តែបន្ទាប់មកដកខ្លួនវិញនិងបានសូមទោសអ្នកគាំទ្រ។
ថៅកែ Arsenal លោក Stan Kroenke ជនជាតិអាមេរិកវ័យ៧៣ឆ្នាំ មានក្លិបកីឡាជាច្រើនរួមទាំងក្លិបបាល់ឱបអាមេរិក (NFL) Los Angeles Rams និងក្រុមបាល់បោះ (NBA) Denver Nuggets ផងដែរ។
លោកបានទិញភាគហ៊ុន Arsenal ចំនួន៩,៩%ក្នុងឆ្នាំ២០០៧ ហើយបន្តិចម្ដងៗ លោកទិញបាន៦២,៨៩%មកទល់ខែមេសាឆ្នាំ២០១១។
កូនប្រុសរបស់លោក គឺលោក Josh ជានាយកក្លិប និងពាក់ព័ន្ធយ៉ាងខ្លាំងក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិប៕