Skip to content
Aubameyang ស្រក​៤​គីឡូ​និង​បាក់​ខ្លាំង​ក្រោយ​ឆ្លង​ជំងឺ​គ្រុនចាញ់​
    ទំព័រដើម  »  កីឡាជាតិ

Aubameyang ស្រក​៤​គីឡូ​និង​បាក់​ខ្លាំង​ក្រោយ​ឆ្លង​ជំងឺ​គ្រុនចាញ់​

ប្រធាន​ក្រុម Arsenal : Pierre-Emerick Aubameyang និយាយ​ថា​គេ​ស្រក​​ទម្ងន់​៤​​គីឡូក្រាម និង​ពិត​ជា​បាក់​ខ្លាំង បន្ទាប់​ពី​ឆ្លង​ជំងឺ​គ្រុន​ចាញ់​អំឡុង​ពេល​ទៅ​ជួយ​ជម្រើសជាតិ​ហ្គាបុងនៅ​អាហ្វ្រិក​ក្នុង​ខែ​មីនា​​។

Aubameyang ​វ័យ​៣១​ឆ្នាំ បាន​ត្រលប់​មក​លេង​ឱ្យ Arsenal វិញ​ដោយ​ប្ដូរ​ចូល​​ក្នុង​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ European League ទល់​ Villarreal ​សប្ដាហ៍​មុន ដែល Arsenal ​បាន​ចាញ់​១​-២​​។ គេ​បាន​ស៊ុត​ចូល​ក្នុង​ជ័យជម្នះ​២-០​លើ Newcastle ក្នុង Premier League ​ថ្ងៃ​​អាទិត្យ​​កន្លង​ទៅ​។

Aubameyang សារភាព​ថា​ការ​ឆ្លង​គ្រុន​ចាញ់​គឺ​ជា​វេលា​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​គេ​ធៀប​នឹង​ពេល​​ឆ្លង​ជំងឺ​ផ្សេង​ៗ​។ គេ​មាន​អារម្មណ៍​បាក់​មែនទែន​។

អតីត​យុវជន​ AC Milan ដែល​ឡើង​កូដ​នៅ Saint-Etienne និង Borussia Dortmund បន្ត​ថា​៖ «ដូច​អ្នក​ដឹង​ហើយ ហ្គាបុង​នៅ​​មិន​ជិត​ពី​ទីនេះ​ទេ​។ ដំបូង​ខ្ញុំ​គ្រាន់​តែមាន​អារម្មណ៍​ថា​នឿយ​ហត់ ពិសេស​ក្នុង​ការ​ប្រកួត​ទល់ Liverpool​ ប៉ុន្តែ​ខ្ញុំ​បាន​គិត​ថា​​ហត់​ដោយសារ​ការ​ធ្វើដំណើរ​។ បន្ទាប់​មក ខ្ញុំ​គ្រុន​ញាក់​៣​ថ្ងៃ​ជាប់​គ្នា​ឥត​ដាច់​។ សូម្បី​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​និង​អ្វី​ៗ​ផ្សេង​ទៀត​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ​»

«បន្ទាប់​មក ខ្ញុំ​បាន​ជួប​វេជ្ជបណ្ឌិត​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​ត្រូវ​ការ​ទៅ​ពេទ្យ​ព្រើ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ដូច្នេះ​ប្រហែល​​ខ្ញុំ​ឆ្លង​ជំងឺ​អ្វី​មួយ​ដូច​ជាគ្រុន​ចាញ់​អីហ្នឹង​។ ខ្ញុំ​សម្រាក​នៅ​ពេទ្យ​៣​ថ្ងៃ​។ ខ្ញុំ​ពិត​ជា​បាក់​មែនទែន​ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ស្រក​៤​គីឡូ​។ វា​ពិត​ជា​វេលា​ដ៏​អាក្រក់​ ហើយ​ខ្ញុំ​គិត​ថា​គ្រួសារ​ខ្ញុំ​ខ្លាច​បន្តិច​ដែ​រ​ពេល​ឃើញ​ខ្ញុំ​បែបនេះ​»។

ប៉ុន្តែ​ពេលនេះ​គេ​ល្អ​ប្រសើរ​វិញ​ហើយ​។ Aubameyang និយា​យ​ថា​គេ​រួច​រាល់​ទាំង​ចិត្ត​ទាំង​កាយ​ដើម្បី​លេង​ជើង​ទី​២ European League ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់​ Villarreal ម៉ោង​២​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គេ​ថា​ឆ្នាំ​នេះ​គេ​មាន​បញ្ហា​មួយ​ចំនួន​ទាំងនៅ​លើ​ទីលាន​និងក្រៅ​ទីលាន ប៉ុន្តែ​គេ​នៅ​តែ​ស្រេក​ឃ្លាន​ចង់​បញ្ចប់​រដូវកាល​ឱ្យ​បានល្អ​មួយ​ជាមួយ Arsenal​៕