អតីតខ្សែការពារដ៏រឹងមាំរបស់ជម្រើសជាតិម៉ិកស៊ីកូ Rafael Marquez ដែលបានលេងឱ្យ Barcelona ពីឆ្នាំ២០០៣ដល់២០១០ បានជួបប្រធានក្លិប Joan Laporta ម្សិលមិញ និងរំពឹងថាចូលកាន់តំណែងជាគ្រូយុវជនU19របស់ក្លិបនេះឆាប់ៗ។
Marquez វ័យ៤២ឆ្នាំ មានទំនាក់ទំនងល្អជាមួយលោក Laporta តាំងពីកាលនៅ Barcelona លើកទី១ជាមួយគ្នា និងបន្តមកទល់ពេលនេះ។
Marquez មានបទពិសោធបង្វឹកខ្លះៗហើយ ដោយបានកាន់តួនាទីជាគ្រូយុវជនU16របស់ក្លិបអេស្ប៉ាញ Real Alcala ក្នុងឆ្នាំ២០២១នេះ។ ហើយលោកបាននិយាយខែមុនថាលោកនឹងចូលធ្វើការនៅ Barca ក្នុងខែកក្កដាឬសីហាខាងមុខ។
សូមរំឭកថា Marquez បានផ្ដើមអាជីពនៅក្លិបម៉ិកស៊ីកូ Atlas ក្នុងឆ្នាំ១៩៩៦។ ឆ្នាំ១៩៩៩ លោកបានផ្លាស់មក AS Monaco ហើយបានឈ្នះលីគកំពូលបារាំងក្នុងរដូវកាលដំបូងនោះ។
លោកបានផ្លាស់មក Barcelona ក្នុងឆ្នាំ២០០៣ ក្រោយឈ្នះពានរង្វាន់ខ្សែការពារល្អបំផុតក្នុង Ligue 1 ឆ្នាំ២០០១ និងលើកពាន League Cup បារាំងរដូវកាល២០០២-០៣។ នៅកាតាឡូនីញ៉ា៧រដូវកាល លោកបានរួមចំណែកជួយ Barca ឈ្នះ La Liga ៤ដង, Copa del Rey ១ដង, Champions League ២ដង, UEFA Super Cup ១ដង និង FIFA Club World Cup ១ដង។ រយៈពេល៨ឆ្នាំចុងក្រោយនៃអាជីព លោកបានលេងឱ្យ New York Red Bulls, Leon, Hellas Verona និង Atlas មុនចូលនិវត្តន៍ក្នុងឆ្នាំ២០១៨។
លោកបានលេងឱ្យម៉ិកស៊ីកូចំនួន១៤៧ប្រកួត រកបាន១៧គ្រាប់, បានឈ្នះពាន FIFA Confederations Cup 1999, CONCACAF Gold Cup 2003, 2011 និង CONCACAF Cup 2015។ លោកបានជាប់ជាខ្សែការពារល្អបំផុតនៅ CONCACAF ឆ្នាំ២០០៥ និងជម្រើស១១នាក់ល្អបំផុតរបស់ CONCACAF 2016៕