Skip to content
Ole ថា Man Utd ​ត្រូវ​​ភ្ញាក់​ពី​ដេក​មុន​​លេង​ផ្ដាច់ព្រ័ត្រ Europa League សប្ដាហ៍​ក្រោយ​
    ទំព័រដើម  »  កីឡាជាតិ

Ole ថា Man Utd ​ត្រូវ​​ភ្ញាក់​ពី​ដេក​មុន​​លេង​ផ្ដាច់ព្រ័ត្រ Europa League សប្ដាហ៍​ក្រោយ​

ការ​ប្រកួត Premier League ស្មើ​១-១​នៅ​ទឹកដី​ខ្លួន​ឯង​​ជាមួយ Fulham យប់​ថ្ងៃ​អង្គារ​ទី​១៨ខែ​ឧសភា ត្រូវ​បាន​លោក Ole Gunnar Solskjaer និយាយ​ថា​នឹង​ជា​ការ​ដាស់​កីឡាករ​​ឱ្យ​ភ្ញាក់​ពី​ដេក មុន​ប៉ះ Villarreal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League សប្ដាហ៍​ក្រោយ​។

យប់មិញ​នេះ Edinson Cavani បាន​​ប្រើ​ភាព​ឈ្លាសវៃ​និង​បច្ចេកទេស​ផ្ទាល់​ខ្លួន​ស៊ុត​បញ្ចូល​ទី​​យ៉ាង​អស្ចារ្យ​ពី​ចម្ងាយ​​ជាង​៣៦​ម៉ែត្រ​​ឱ្យ Man Utd នាំ​មុខ​។ ប៉ុន្តែ Man Utd ​មិនអាច​រក​បាន​ជ័យជម្នះ​​នៅ​ចំពោះ​មុខ​​អ្នក​គាំទ្រ​ដែល​​វិល​មក Old Trafford វិញ​ជា​ថ្មី​ឡើយ ដោយ​ត្រូវ Joe Bryan តែត​​​តាម​ស្មើ​​សម្រាប់ Fulham​។

អ្នក​គាំទ្រ​ភាគ​ច្រើន​ខាន​ចូល​ទស្សនា​ផ្ទាល់​​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០២០​មក​ម្ល៉េះ ក្រៅ​តែ​ពី​ទស្សនិកជន​មួយ​ចំនួន​តូច​ដែល​មាន​សំណាង​បាន​ចូល​ទស្សនា​ខ្លះ​ៗ​នៅ​កីឡដ្ឋានមួយ​ចំនួន​ក្នុង​ខែ​ធ្នូ​ឆ្នាំ​មុន​។

នៅ​ក្រោយ​ការ​ប្រកួត លោក Solskjaer និយាយ​ថា​​លទ្ធផល​នេះ​អាច​ជា​ការ​ដាស់​តឿន​មួយ​ឱ្យ​កីឡាករ​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​បាន​បញ្ចេញ​ស្ទីល​ផ្ទាល់​ខ្លួន​​ច្រើន​ពេក​នៅ​លើ​ទីលាន​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​។ លោក​ថា​នេះ​មិនមែនជា​របៀប​លេង​របស់ Man Utd ទេ​។ Man Utd គួរ​​ធ្វើការ​បាន​ប្រសើរ​​​ជាង​នេះ​។ លោក​បាន​លើក​ឧទាហរណ៍​អំពី​ការ​ប្រឹងលេង​របស់ Cavani គឺ​គេ​មិនលេង​សើច​លើ​ទីលាន​ទេ​។ ក្នុង​ការ​ប្រកួត​បាល់ទាត់​មិន​អាច​មាន​កា​រ​បញ្ចេញ​ស្ទីល​បែប​លេង​សើច​ទេ​។

Man Utd ត្រូវ​តតាំង​នឹង​ក្រុម​ខ្លាំង​អេស្ប៉ាញ Villarreal ក្នុង​​ប្រកួត​ផ្ដាច់​ព្រ័ត្រ Europa League នៅ​​ទីក្រុង Gdansk ​ប្រទេស​ប៉ូឡូញ​ នា​ថ្ងៃ​ពុធ​​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០២១​​។ Villarreal លេង​មិន​ដែល​ចាញ់​ឡើយ​​ក្នុង​ពាន​នេះ​មក​ទល់​ពេលនេះ​។

តែ​មុន​នឹង​ដល់​ការ​ប្រកួតនោះ Man Utd ​ត្រូវ​ប្រកួត​បញ្ចប់​រដូវកាល Premier League នៅ​ទឹកដី Wolves នា​ថ្ងៃ​អាទិត្យ​ទី​២៣​ខែ​ឧសភា ខណៈ Fulham នឹង​​ស្វាគមន៍ Newcastle ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​​ក្នុង​លីគ​កំពូល​អង់គ្លេស មុន​​វិល​​ទៅលេងក្របខណ្ឌ​ Championship រដូវកាល​ក្រោយ​៕