ជើងខ្លាំងវ័យក្មេង ធន់ អៀនឡៃ នឹងប្រឈមមុខដាក់គ្នាជាលើកដំបូងក្នុងអាជីពតទល់ អ្នកលេងក្បាច់ជាយដែន ភួន ឡាំងកូស៊ីន នៅថ្ងៃអាទិត្យចុងសប្ដាហនេះ ដែលជាការបើកឆាកជម្រុះពូល នៃខ្សែក្រវាត់ ISI Palm នៅ PNN។
អ្នកប្រដាល់ស្បែកស្វិត ធន់ អៀនឡៃ បានកោតសសើរថា ភួន ឡាំងកូស៊ីន ថ្វីត្បិតនៅក្មេងខ្ចីជាងខ្លួន តែជាកីឡាមានបច្ចេកទេសល្អម្នាក់ ដែលអាចបង្ករការរំខានដល់ខ្លួនសម្រាប់ការស្វែងរក៣ពិន្ទុ។
ធន់ អៀនឡៃ មិនហ៊ានព្យាករលទ្ធផលទេ តែយល់ថានេះជាប្រកួតដែល ពួកគេត្រូវការលទ្ធផលល្អដូចគ្នា៖ «ខ្ញុំគិតថានឹងតានតឹងណាស់ ព្រោះគាត់ជាកីឡាករល្អ ក្បាច់ និង មានភាពរឹងល្អ ហើយនេះក៏ជាជុំដំបូងរបស់ពួកយើង»។
ប៉ះដៃគូ ជាជើងខ្លាំងដែលមានបទពិសោធន៍ក្រាសជាង និង សម្បូរភាពធន់ទៀត កូនសិស្សបិតាកែងរួស សាន់ សៅយ៉ាន់ ឯណោះវិញ ថ្វីត្បិតមានមហិច្ឆិតាចង់យកជ័យជម្នះ ក៏មិនហ៊ានធ្វេសប្រហែសក្នុងការប្រកួតនេះឡើយ។ ឡាំង កូស៊ីន មិនបានផ្ដោតចម្បងលើការសមត្ថភាពដៃគូឡើយ តែគេកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួន។
«ខ្ញុំបានត្រៀមលក្ខណៈពេញល្អហើយ ហាត់ ឡាំ ចូលស៊ីប និងរត់ឆ្ងាយៗដើម្បីយកស៊ុះជាដើម។ ការប្រកួតនេះ សម្រាប់ខ្ញុំ គាត់ជាអ្នកប្រយុទ្ធដ៏ប៉ិនប្រសព្វ ហើយគាត់មានបទពិសោធចាស់ទៀត។ » នេះជាការលើកឡើងរបស់ ឡាំងកូស៊ីន។
នេះការការបើកឆាកវគ្គជម្រុះពូល A របស់ពួកគេ មុនបន្តប៉ះរៀងខ្លួនតទល់ជើងខ្លាំង២រូបទៀត គឺ ស៊ឺន ថៃសាន់ និង រិន ដេវីត ខណៈពូល B មាន ពេជ្រ ប៊ុនសិទ្ធ ខេម ចាន់ ម៉ន ភារម្យ និង យីប ឌុក៕