អតីតជើងខ្លាំងដ៏មានប្រជាប្រិយភាព សែន រ៉ាឌី ទើបតែទទួលបានការដំឡើងឋានន្តរស័ក្តិថ្មី ក្នុងក្របខណ្ឌនគរបាលជាតិ ពីអនុសេនីយ៍ទោ (ស័ក្តិ២) ទៅជាអនុសេនីយ៍ឯក (ស័ក្តិ៣)។
សែន រ៉ាឌី បានបង្ហាញអារម្មណ៍រំភើប និងរៀបរាប់ពី ឫសគល់នៃសមិទ្ធផលខ្លួន លើហ្វេសប៊ុកផ្ទាល់ខ្លួន៖ «អរគុណសន្តិភាព និង អរគុណការរីកចម្រើននៃវិស័យកីឡាដែលធ្វើអោយខ្ញុំបានមកដល់ចំណុចនេះ ហើយទទួលបានអ្វីៗយ៉ាងច្រេីនទាំងដែលខ្ញុំនឹកស្មានមិនដល់។ … ខ្ញុំបានមកដល់ចំណុចនេះ ព្រោះខ្ញុំកើតចេញពីកីឡាអ្វី ខ្ញុំចាំមិនដែលភ្លេចទេ»។
ពិធីដំឡើងឋានន្តរស័ក្តិ៍ ដល់អតីតកីឡាករឆ្នើមគុនខ្មែរ និង វ៉ូវីណាម រូបនេះ ធ្វើឡើងដោយអង្គភាពកីឡានគរបាលជាតិ កាលពីសុក្រសប្ដាហ៍នេះ។ ក្រៅពី សែន រ៉ាឌី កីឡាករ កីឡាការិនី និងគ្រូបង្វឹក មកពីសហព័ន្ធកីឡាមួយចំនួនទៀត ដូចជា វាយកូនឃ្លីលើតុ វ៉ូវីណាម ប៉េតង់ អត្តពលកម្ម តេក្វាន់ដូWTF យូដូ ចំបាប់ ទ្រីយ៉ាថ្លុង តេក្វាន់ដូITF ល្បុក្កតោ និងហាប់គីដូ សរុបចំនួន៥៤រូបផ្សេងទៀត ក៏ទទួលបានការតែងតាំង និង ដំឡើងឋានន្តរស័ក្តិ ក្នុងពិធីនេះ ខណៈក្នុងនោះក៏មានវត្តមាន សែន រ៉ាដេត ទទួលការដំឡើងពី ស័ក្តិ១ទៅ ស័ក្តិ២ ផងដែរ។
សែន រ៉ាឌី ជាអតីតកីឡាករល្បីល្បាញ់គុនខ្មែរ និង ជាម្ចាស់មេដាយមាស់ វ៉ូវីណាម ពិភពលោក។ ម្ចាស់ខ្សែក្រវាត់ CBS និង គោជល់ ដែលបញ្ចប់បរិញ្ញាបត្រច្បាប់រូបនេះ បានដកខ្លួនពីសង្វៀនកាលពី៣ឆ្នាំមុន និងងាកមកប្រលូកក្នុងកីឡា វ៉ូវីណាម៕