បន្ទាប់ពីបាត់មុខមួយរយៈចុងក្រោយ ដោយសារចាប់គូមិនបានប្រកួតសោះ ខាំ ខ្លានាង កំពុងប្រមូលការចាប់អាម្មណ៍បំផុត គ្រប់ទិសទីក្នុងស្រទាប់អ្នកនិយមគុនខ្មែរ ដោយការត្រៀមតទល់ ជើងខ្លាំង សែន រ៉ាដេត នៅពាក់កណ្ដាលខែតុលានេះ។ ត្រូវបានអ្នកគាំទ្រមួយចំនួន ឲ្យរហស្សនាមថា អ្នកប្រយុទ្ធចិត្តស្លុយ ដ៏អង់អាច ខ្លានាង បានបង្ហាញអារម្មណ៍ មក AMS Sports សម្រាប់ការប្រកួតនេះថា ជាការទន្ទឹងចាំដ៏រីករាយ។
អ្នកប្រយុទ្ធដែលមួយប្រកួតណាក៏កក្រើក រៀបរាប់ថារីករាយ ព្រោះជាឱកាសជួបដៃគូ ជាបុគ្គលដ៏មានកេរ្តិ៍ឈ្មោះ។ លើសពីនេះ វាក៏ជាការវិលត្រលប់មកកាន់សង្វៀន អាចរកកម្រៃឡើងវិញបាន ក្រោយគ្មានការប្រកួតជាច្រើនសប្ដាហ៍សប្ដាហ៍។
ខាំ ខ្លានាង លើកឡើងថា៖ «ខ្ញុំសប្បាយចិត្តណាស់បង បានវ៉ៃជាមួយគាត់ ណាមួយខ្ញុំខានប្រកួតយូរហើយ។ អញ្ចឹងបានវ៉ៃជាមួយគាត់ជាអ្នកល្បី ហើយក៏ខ្ញុំអាចបញ្ចេញកម្លាំងរកកម្រៃវិញផងដែរ»។
ជឿជាក់សមត្ថាពខ្លួន និង ប្ដេជ្ញាប្រឹងប្រែងឲ្យអស់អ្វីដែលខ្លួនមាន តែខាំ ខ្លានាង ក៏បារម្ភណាស់ពីការភាពខ្លាំងរបស់ រ៉ាដេត។
«ប្រកួតជាមួយ រ៉ាដេត ខ្ញុំមិនហ៊ាននិយាយបែបទេ ព្រោះគាត់ជាកីឡាករល្អ តែខ្ញុំនឹងប្រឹងប្រែងបំផុត»។ ខាំ ខ្លានាង និយាយបន្ថែមអំពីការប្រកួត។
ជាបេក្ខភាពម្នាក់ក្នុងក្រុមជម្រើសជាតិគុនខ្មែរ សម្រាប់ការប្រមូលផ្ដុំឆ្នាំ២០២០នេះ ខាំ ខ្លានាង ដែលប្រមាណ៣០ប្រកួតចុងក្រោយ មិនដែលចាញ់ នឹងប៉ះគ្នាជាមួយ ជើងខ្លាំងសាច់សល្អគ្រប់ក្បាច់ សែន រ៉ាដេត នៅថ្ងៃ ១៨តុលាខាងមុខ។ នេះក៏ជាការបង្ហាញមុខដំបូងឡើងវិញ របស់អ្នកប្រយុទ្ធមកពី កោះកុង សែន រ៉ាដេត ក្រោយសម្រាកពីសង្វៀនតាំងពីក្រោយផ្ទុះកូវីដ៕