ខ្សែប្រយុទ្ធ Marcus Rashford បាននិយាយថាគេបានទទួលសារក្នុងន័យបំពានពូជសាសន៍យ៉ាងហោច៧០សារនៅលើបណ្ដាញសង្គមរបស់គេ បន្ទាប់ពី Manchester United ចាញ់ Villarreal ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League កាលយប់ថ្ងៃពុធ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ១០ទល់នឹង១១។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ២៣ឆ្នាំ បានសរសេរលើគណនី Twitter របស់គេថា៖ «យ៉ាងហោចណាស់សារបំពានពូជសាសន៍ចំនួន៧០នៅលើគណនីបណ្ដាញសង្គមរបស់ខ្ញុំត្រូវបានរាប់មកទល់ពេលនេះ។ ចំពោះអ្នកដែលកំពុងតែខំប្រឹងធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែអាក្រក់ជាងអារម្មណ៍ដែលខ្ញុំកំពុងមានពេលនេះស្រាប់នោះ សូមអញ្ជើញព្យាយាមទៀតចុះ សូមសំណាងល្អ»។
សូមរំឭកថា កាលពីខែមករាកន្លងទៅ Rashford ក៏បានទទួលរកសារបំពានពូជសាសន៍ដែរ ក្រោយពេល Man Utd លេងស្មើ០-០ជាមួយ Arsenal។ ក្រោយការបំពាននោះ Rashford បានសរសេរលើ Twitter ថា៖ «ខ្ញុំជាមនុស្សសម្បុរខ្មៅ ហើយខ្ញុំរស់នៅរាល់ថ្ងៃជាមួយមោទកភាពចំពោះភាពជាខ្ញុំ»។
គួរជម្រាបថា យប់មិញនេះមិនមែនជារាត្រីរបស់ Rashford ឡើយ ដោយគេលេងមិនបានល្អទេក្នុងការប្រកួតសម្រាប់ Man Utd ទល់ Villarreal។ គេមានឱកាសមាសមួយលើកជាពីរនៅមុខទី Villarreal ប៉ុន្តែស៊ុតមិនចូល។
Man Utd ត្រូវបាន Villarreal នាំមុខមុនក្នុងនាទី២៩ដោយ Gerard Moreno មុនតាមស្មើវិញក្នុងនាទី៥៥ដោយ Edinson Cavani។ ក្រុមទាំងពីរបន្តគ្មានគ្រាប់បាល់រហូតចប់វគ្គបន្ថែមម៉ោង១៥នាទីពីរដង ហើយឈានដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី។ ក្រុមទាំងសងខាងទាត់ចូលគ្នាគ្រប់បាល់រហូតប្ដូរវេនដល់អ្នកចាំទីទល់នឹងអ្នកចាំទី។ ចុងក្រោយ អ្នកចាំទី Rulli របស់ Villarreal ស៊ុតចូលយ៉ាងល្អ រីឯការស៊ុតរបស់ David De Ga ត្រូវ Rulli សង្គ្រោះបាន៕