Atletico Madrid ទើបតែឈ្នះជើងឯក La Liga ជាលើកដំបូងតាំងពីឆ្នាំ២០១៤ ដោយបញ្ចប់រដូវកាល២០២០-២១នៅលើ Real Madrid ២ពិន្ទុ និងលើ Barcelona ៧ពិន្ទុ។
ជោគជ័យរបស់ក្រុមលោក Diego Simeone បានមកពីការរួមចំណែកធំមិនអាចមើលរំលងបានដោយខ្សែប្រយុទ្ធអ៊ុយរុយហ្គាយវ័យ៣៤ឆ្នាំ Luis Suarez។ Suarez រកបាន២១គ្រាប់ក្នុងរដូវកាល២០២០-២១សម្រាប់ Atletico ក្រោយចុះកិច្ចសន្យា២ឆ្នាំជាមួយក្លិប បន្ទាប់ពី Barcelona លែងត្រូវការ។
ករណីដូចខាងលើនេះបានកើតឡើងម្ដងដែរក្នុងរដូវកាល២០១៣-១៤។ David Villa បានចាកចេញពី Barcelona ក្រោយរួមរស់៣រដូវកាល មកចូលរួម Atletico។ Villa បានរួមចំណែកជួយ Atletico គ្រងជើងឯក La Liga ក្នុងរដូវកាលតែមួយគត់របស់គេនៅក្លិបនេះ។ កាលណោះ Villa លើកពាន La Liga នៅទឹកដី Barcelona តែម្ដងនាថ្ងៃបិទរដូវកាល។
ប៉ុន្តែពុំមែនតែ Villa និង Suarez ទេដែលបានផ្ទេរពីក្លិបមួយទៅចូលរួមក្លិបគូប្រជែង រួចហើយជួយក្រុមថ្មីនោះលើកពានលីគ។ Andrea Pirlo និង Gonzalo Higuain បានធ្វើរឿងស្រដៀងគ្នានេះដែរ ប៉ុន្តែ AMS Sports សូមបង្ហាញជូនកីឡាករនិងអតីតកីឡាករ៥នាក់ផ្សេងទៀតដែលបានធ្វើដូច Villa និង Suarez។
Johan Cruyff
អាចមានអ្នកភ្លេចថាលោក Johan Cruyff ធ្លាប់លេងឱ្យ Feyenoord ដែរ ព្រោះអីលោកល្បីល្បាញខ្លាំងនៅ Ajax និង Barcelona។ ក្នុងឆ្នាំចុងៗក្រោយនៃអាជីព លោកបានត្រលប់មកហុល្លង់វិញហើយលេងឱ្យ Ajax ជាលើកទី២ក្នុងឆ្នាំ១៩៨១។ នៅឆ្នាំ១៩៨៣ បន្ទាប់ពីមិនត្រូវរ៉ូវលក្ខខណ្ឌគ្នាជាមួយ Ajax ដើម្បីបន្តកិច្ចសន្យាថ្មី លោកបានសម្រេចចិត្តទៅចូលរួម Feyenoord ក្នុងរដូវកាល១៩៨៣-៨៤ ហើយរួមចំណែកជួយគូប្រជែងមួយនេះឈ្នះជើងឯកលីគជាលើកដំបូងក្នុងពេល១០ឆ្នាំ និងថែមទាំងឈ្នះពាន KNVB Cup ទៀតផង រួចហើយលោកបានសម្រេចចិត្តព្យួរស្បែកជើងតែម្ដង។
Rio Ferdinand
កាលពីចុងទសវត្សរ៍១៩៩០ Rio Ferdinand ជាកីឡាករវ័យក្មេងដែលគេចង់បានបំផុតម្នាក់ក្នុងបាល់ទាត់អង់គ្លេស ហើយគេកើនសមត្ថភាពមួយកម្រិតទៀតនៅពេលចេញពី West Ham United ទៅចូលរួម Leeds United ក្នុងឆ្នាំ២០០០ ក្នុងតម្លៃ១៨លានផោន ដែលជាតម្លៃផ្ទេរថ្លៃបំផុតក្នុងចក្រភពអង់គ្លេសកាលណោះ និងជាតម្លៃឯតទគ្គកម្មពិភពលោកសម្រាប់ខ្សែការពារ។ ក្នុងឆ្នាំ២០០២ Ferdinand បានផ្ទេរទៅចូលរួមគូប្រជែងស្រួចស្រាល់បំផុតរបស់ Leeds គឺ Manchester United ក្នុងតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកីឡាករអង់គ្លេស និងជាតម្លៃឯតទគ្គកម្មពិភពលោកលើកទី២សម្រាប់ខ្សែការពារ (៣៣,៣លានផោន)។ Ferdinand បានឈ្នះពានរង្វាន់ធំៗយ៉ាងច្រើននៅ Man Utd រួមទាំង Premier League ៦ដងផងដែរ។
Luis Figo
ករណីគួរឱ្យចងចាំជាងគេនៃកីឡាករដែលផ្ទេរទៅចូលរួមក្លិបគូប្រជែងស៊ីសាច់ហុតឈាម គឺ Luis Figo ដែលផ្លាស់ពី Barcelona ទៅ Real Madrid យ៉ាងចម្រូងចម្រាសក្នុងឆ្នាំ២០០០ បន្ទាប់ពីលេងឱ្យ Barcelona ៥រដូវកាល។ ៥ឆ្នាំនៅ Camp Nou អតីតប្រធានក្រុមព័រទុយហ្គាល់រូបនេះបានឈ្នះ La Liga ២ដង, Copa del Rey ២ដង, Supercopa de Espana ១ដង, UEFA Cup Winners’ Cup ១ដង និង UEFA Super Cup ១ដង។ ៥ឆ្នាំបន្ទាប់ជាមួយ Real Madrid លោកក៏បានឈ្នះ La Liga ២ដងដូចនៅក្លិបចាស់ដែរ តែរឹតតែពិសេសគឺបានឈ្នះពាន Champions League 2002។
Zlatan Ibrahimovic
Zlatan បានលេងឱ្យក្លិបធំៗជាច្រើនក្នុងអាជីព ពិសេសគឺបានលេងឱ្យក្លិបជោគជ័យបំផុតទាំង៣របស់អ៊ីតាលី និងជាគូប្រជែងធំនឹងគ្នា គឺ Juventus, Inter Milan និង AC Milan។ ប៉ុន្តែការផ្ទេររបស់គេក្នុងឆ្នាំ២០០៦ពី Juventus ទៅ Inter ដែលបង្កភាពងឿងឆ្ងល់ច្រើនជាងគេ។ និងមួយទៀតគឺការចូលរួម AC Milan ១ឆ្នាំក្រោយចេញពី Inter ទៅលេងឱ្យ Barcelona បានមួយរដូវកាល។ Zlatan បានលើកពាន Serie A ៣ដងជាប់គ្នាជាមួយ Inter។
Mario Gotze
ក្នុងមួយទសវត្សរ៍ចុងក្រោយ ការយកកីឡាករល្អៗពី Dortmund សឹងក្លាយជាទម្លាប់របស់ Bayern Munich ទៅហើយ ហើយ Mario Gotze ជាករណីមួយក្នុងចំណោមនោះកាលពីឆ្នាំ២០១៣។
កីឡាករដែលដុះដាលចេញពីថ្នាល Dortmund ខាងលើ បានផ្ទេរយ៉ាងចម្រូងចម្រាសទៅចូលរួម Bayern និងលេងនៅទីនោះ៣រដូវកាល ហើយបានលើកពាន Bundesliga ៣ដងជាប់គ្នា, DFB Pokal ២ដង, UEFA Super Cup ១ដង និង FIFA Club World Cup ១ដង។ គេបានវិលមក Dortmund វិញក្នុងឆ្នាំ២០១៦ មុនទៅចូលរួម PSV ក្នុងឆ្នាំ២០២០។
ទាំងនេះ ជាការផ្ទេរទៅចូលរួមក្លិបគូប្រជែងយ៉ាងចម្រូងចម្រាស៥ករណីពីសំណាក់កីឡាករល្បីៗរួចហើយឈ្នះជើងឯកជាមួយក្លិបថ្មី។ មិនមែនមានន័យថាមានតែប៉ុណ្ណឹងនាក់នោះទេ គឺនៅមានមួយចំនួនទៀត ប៉ុន្តែ AMS Sports សូមបង្ហាញត្រឹម៥ករណីខាងលើ៕