ការប្រកួតប្រជែងដណ្ដើមជើងឯកយុវជនទ្វីបអឺរ៉ុបអាយុក្រោម២១ឆ្នាំ European U21 Championship 2021 រកឃើញក្រុមខ្លាំង៤ដែលឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្រោយឆ្លងកាត់វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃចន្ទ។
ក្រុមការពារជើងឯក U21អេស្ប៉ាញ ត្រូវការពេលដល់ម៉ោងបន្ថែម១៥នាទី២ដង ទើបអាចផ្ដួល ក្រូអាត ២-១ ខណៈ ហុល្លង់ ផ្ដួល បារាំង ដោយគ្រាប់បាល់ដូចគ្នា។
ព័រទុយហ្គាល់ ទម្លាក់ អ៊ីតាលី ៥-៣ ក្នុងម៉ោងបន្ថែមយ៉ាងជក់ចិត្ត ស្របពេល អាល្លឺម៉ង់ ឈ្នះបាល់១១ម៉ែត្រកាត់សេចក្ដី៦-៥លើដាណឺម៉ាក។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង២គូនឹងធ្វើនៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១។
អេស្ប៉ាញ និង ព័រទុយហ្គាល់ ដែលជាក្រុម២សង្ឃឹមខ្ពស់ថាឈ្នះជើងឯក និងមិនទាន់ចាញ់សោះក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវប្រឈមមុខដាក់គ្នានៅ Maribor ប្រទេសស្លូវ៉ានី។
ចំណែក អាល្លឺម៉ង់ នឹងជួប ហុល្លង់ នៅ Szekesfehervar ក្នុងប្រទេសហុងគ្រី។
វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅ Ljubljana ក្នុងប្រទេសស្លូវ៉ានី។
សូមជម្រាបថា ហុងគ្រី និង ស្លូវ៉ានី ជាសហម្ចាស់ផ្ទះ Euro U21 ឆ្នាំ២០២១។ ការប្រកួតវគ្គចែកពូលបានធ្វើឡើងក្នុងខែមីនា មុនពេលលេងវគ្គ៨ក្រុមចុងក្រោយសប្ដាហ៍នេះ។
អង់គ្លេស បានធ្លាក់យ៉ាងក្អួតឈាមចុងម៉ោង ក្នុងវគ្គចែកពូល ដោយសារក្រូអាតកាលពីថ្ងៃទី៣១ខែមីនា។ កាលណោះ អង់គ្លេស ត្រូវការឈ្នះដាច់២គ្រាប់លើក្រូអាត។ ពួកគេបាននាំមុខ២-០មុនដូចបំណងដោយគ្រាប់បាល់របស់ Eberechi Eze ក្នុងនាទីទី១២ និង Curtis Jones ក្នុងនាទី៧៤។ ប៉ុន្តែក្នុងនាទី៩០+១ ក្រូអាតស៊ុតចូលវិញ១គ្រាប់ នាំឱ្យក្រូអាតជាអ្នកឡើងពីពូល D ក្នុងនាមលេខ២ក្នុងពូល ទោះបីមាន៣ពិន្ទុស្មើ ស្វ៊ីស និង អង់គ្លេស ក៏ដោយ។
ដោយឡែក គួរដឹងផងដែរថា អេស្ប៉ាញ និង អ៊ីតាលី ជាក្រុមជោគជ័យជាងគេក្នុង Euro U21 ដោយបានលើកពាន៥ដងម្នាក់មកទល់ពេលនេះ។ ក្រុមជោគជ័យបន្ទាប់ គឺ អាល្លឺម៉ង់ ហុល្លង់ អង់គ្លេស និង អតីតសហភាពសូវៀត បានលើកពានម្នាក់២ដង។ ក្រៅពីនេះ បារាំង ស៊ុយអែត ឆេក និងអតីតសហភាពយូហ្គោស្លាវី បានស្គាល់រសជាតិពានម្នាក់១ដង តាំងពីពាន Euro U21 ដែលរៀបចំរៀងរាល់២ឆ្នាំម្ដងនេះ ចាប់កំណើតក្នុងឆ្នាំ១៩៧៨មក៕