ខ្សែប្រយុទ្ធ សៀង ចន្ធា បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយពីបានជួយឱ្យក្លិបបាល់ទាត់បឹងកេត គ្រងតំណែងជាជើងឯក Metfone Cambodian League រដូវកាលឆ្នាំ ២០២០។
នៅក្នុងរដូវកាលដំបូងជាកីឡាករបាល់ទាត់អាជីព ចន្ធារកគ្រាប់បាល់បាន៩គ្រាប់ ដែលជាចំណែកធំមួយជួយឱ្យបឹងកេត ឈ្នះពាននៅក្នុងលីគ និងឡើងដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែន។
កីឡាករដែលលេងតំណែងប្រយុទ្ធរូបនេះ បានរំឭកពីគុណបំណាច់របស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានជួយផ្ចុងផ្ដើមឱ្យរូបគេក្លាយជាកីឡាករឆ្នើមម្នាក់សម្រាប់ក្លិបបឹងកេត ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា ដោយបានសរសេរការថ្លែងអំណរគុណនៅលើគណនី Facebook របស់ខ្លួន។
សូមរំឭកថា មុនពេលបានចូលរួមជាមួយបឹងកេត កីឡាករដែលមកពីខេត្តកោះកុងរូបនេះ ទទួលបានការបណ្ដុះបណ្ដាលនៅក្នុងក្រុមយុវជនសាលាកីឡាបាល់ទាត់ជាតិបាទី និងត្រូវបានជ្រើសរើសឱ្យចូលលេងការប្រកួតសម្រាប់ឈុតយុវជនក្រុមជម្រើសជាតិកម្ពុជា។
មិនតែប៉ុណ្ណោះ ចន្ធាទទួលបានឱកាសចូលលេងសម្រាប់ឈុតធំ ក្នុងការប្រកួតជម្រុះ World Cup ទល់នឹងក្រុមប៉ាគីស្ថាន ហើយជាពិសេសរូបគេបានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងឱ្យក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះ ២-០ ក្រោយប្ដូរចូលនៅនាទីទី៨១។
នៅក្នុងបទសម្ភាសន៍របស់ AMS Sports ចន្ធាក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រៅពីសម្រេចបំណងប្រាថ្នាក្នុងការឈ្នះពានក្នុងលីគដំបូងរបស់ខ្លួនជាមួយបឹងកេត រូបគេមានការប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ ព្រមទាំងកំណត់គោលដៅទៅលេងនៅក្រៅស្រុកថែមទៀតផង ក្នុងពេល១ឆ្នាំ ទៅ ២ឆ្នាំខាងមុខ៕