គ្រូបង្វឹកជម្រើសជាតិលោក ជា រិទ្ធ យល់ថាការចូលទៅប៉ះស្ទាំងដែក ពេជ្រ ប៊ុនសិទ្ធ បើកឆាកក្នុងពូលនៃ ខ្សែក្រវាត់ ISI មិនមែនជាឧបស័គ្គធំនោះទេ។ ស្ថិតក្រោមការតាមដាន និងយកចិត្តទុកដាក់បង្វឹកពីលោក លោកថា ខែម ចាន់ មានអាវុធ ដែលអាចធ្វើឲ្យ ពេជ្រ ប៊ុនសិទ្ធ គាំងក្បាច់បាន ក្នុងការស្វែងរក៣ពិន្ទុ វគ្គវិលជុំក្នុងពូលខ្សែក្រវាត់ PNN សប្ដាហ៍នេះ។
គ្រូបង្វឹកដែលនិយមបញ្ជ្រាបបច្ចេកទេសប្រកួតបែបអភិវឌ្ឍរូបនេះ ទទួលស្គាល់ថា ពេជ្រ ប៊ុនសិទ្ធ ជាកីឡាករមានលក្ខណៈសម្បត្តិមួយចំនួន ពិតជាល្អ និងធ្លាប់ឈ្នះពិន្ទុ ខែម ចាន់ទៀតផង។ ប៉ុន្តែលោក សង្កត់បញ្ជាក់ថា បច្ចុប្បន្នកូនសិស្សរបស់លោក ក៏មិនមែនដូចមុនឡើយ។ លោកថាពីមុនលោកពុំសូវដឹងឡើយ តែក្រោមការបង្វឹករបស់ខ្លួនមួយរយៈមកនេះ ខែម ចាន់បានផ្លាស់ប្ដូរទម្រង់វ៉ៃ និង បច្ចេកទេសកើនគួរឲ្យចាប់អារម្មណ៍។
ជំនួបជម្រុះពូល ជុំដំបូងរវាង ខែម ចាន់ និង ពេជ្រ ប៊ុនសិទ្ធ នឹងធ្វើឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ នៅសង្វៀន PNN ខណៈពូលជាមួយគ្នានេះ ពួកគេនឹងបន្តប៉ះដៃគូឆ្នើម ២រូបទៀត គឺ ភួន ឡាំងកូស៊ីន និង ធន់ អៀនឡៃ៕