ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ការប្រមូលផ្ដុំមនុស្សត្រូវបានហាមប្រាម ហើយអ្នកគាំទ្របាល់ទាត់ ក៏មិនត្រូវបានអនុញ្ញាតឱ្យមកចូលរួមទស្សនាការប្រកួតឡើយ។
ប៉ុន្ដែនៅទីក្រុងព្រុចសែល ក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះបែលហ្ស៊ិក និង ក្រុមភ្ញៀវកូឌីវ័រក្នុងជំនួបមិត្តភាព នៅកីឡដ្ឋាន King Baudouin ដែលអាចផ្ទុកអ្នកទស្សនា ៥០.០០០នាក់ បានឱ្យលក់ ១១.០០០ សំបុត្រ សម្រាប់អ្នកគាំទ្រដើម្បីចូលរួមទស្សនា។
យ៉ាងណាម៉ិញ អ្នកចូលរួមមកទស្សនាមិនបានចំនួន១១.០០០នាក់ដូចការគ្រោងទុកឡើយ មូលហេតុដោយសារវាជាគ្រាន់ជាការប្រកួតមិត្តភាព គួបផ្សំនឹងបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ហើយណាមួយអ្នកគាំទ្រមានការព្រួយបារម្ភចំពោះការចម្លងវីរុសកូរ៉ូណា ដោយពួកគេប្រឈមនឹងការដាក់ខ្លួននៅដាច់ដោយឡែកក្រោយត្រលប់ពីទស្សនាការប្រកួតនោះ។
ដូច្នេះហើយទើប មានអ្នកទិញសំបុត្រចូលទស្សនាតែ៦.២០០នាក់ ហើយអ្វីដែលគួរឱ្យកត់សំគាល់ អ្នកដែលមកចូលរួមផ្ទាល់មាន៤.២០០នាក់ប៉ុណ្ណោះ។ វាបានស្ដែងឱ្យឃើញថា ទោះបីជាមានឱកាសមកទស្សនាការប្រកួតផ្ទាល់ក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រមានការខ្លាចរអារចំពោះការឆ្លងជម្ងឺរាតត្បាតសកលមួយនេះផងដែរ។
សូមបញ្ជាក់ថា ក្រុមបិសាចក្រហមបែលហ្ស៊ិក បានបញ្ចប់កំណត់ត្រាឈ្នះ១២ប្រកួតជាប់គ្នា ដោយបាល់ប៉េណាល់ទីកៀកចុងម៉ោងរបស់ Franck Kessie ឱ្យក្រុមកូឌីវ័រ បញ្ចប់ក្នុងលទ្ធផល ១-១៕