ការប្រកួត AFC Champions League សម្រាប់ក្រុមប៉ែកខាងកើត នឹងប្រព្រឹត្តទៅនៅទីក្រុងដូហា ប្រទេសកាតារ ដែលចាប់ផ្ដើមពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ ថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២០។
ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការឯកភាពគ្នារវាង សហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ហើយនឹង សហព័ន្ធកីឡាបាល់ទាត់ប្រទេកាតារ(QFA) នៅថ្ងៃទី៩ ខែតុលាឆ្នាំ ២០២០ ក្រោយការប្រកួត AFC Champions League ប៉ែកខាងលិចធ្វើទៅបានដោយរលូន។
ការប្រកួត Champions League ភាគខាងកើត នឹងចាប់ផ្ដើមប្រកួតជាថ្មីវិញ ចាប់ពីវគ្គចែកពូល, វគ្គ១៦ក្រុម , ៨ក្រុមចុងក្រោយ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០២០ ប៉ុន្ដែទីតាំងប្រកួត មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
គួរបញ្ជាក់ថា ក្រុមអ៊ីរ៉ង់ Persepolis បានកក់កៅអីនៅវគ្គផ្ដាច់ព្រ័ត្រ AFC Champions League បន្ទាប់ពីបានយកឈ្នះទៅលើក្រុម Al Nassr នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយការស៊ុតប៉េណាល់ទីកាត់សេចក្ដី ៥-៣ កាលពីថ្ងៃទី៣ ខែតុលា ក្រោយស្មើគ្នា ១-១៕