អ្នកស្រី Nualphan Lamsam បានថ្លែងក្នុងការទទួលតំណែងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិបុរសថៃ អាយុក្រោម២៣ឆ្នាំ (Team Manager) ថា អ្នកស្រីចង់ឲ្យប្រទេសរបស់អ្នកស្រីដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Cup 2020។
Team Manager ថ្មីដែលជាប្រធានក្លិប Port FC ត្រូវបានស្រង់សម្ដីដោយ Siam Sports នៅថ្ងៃទី២៣ ខែសីហា ថា “៖យើងនឹងធ្វើរឿងចាំបាច់គ្រប់យ៉ាង ដើម្បីធានាថា ថៃអាចទទួលធ្វើជាម្ចាស់ផ្ទះ AFF Cup 2020។ ព្រឹត្តិការណ៍នេះនឹងក្លាយជាភារកិច្ចដំបូងសម្រាប់ខ្ញុំក្នុងនាមជាអ្នកចាត់ការក្រុមបុរស។”
ក្នុងថ្ងៃចូលកាន់ការងារ Madam Pang និយាយថា អ្នកស្រីបានត្រៀមរួចរាល់ហើយដើម្បីស្នើទៅកាន់រដ្ឋាភិបាលថៃទទួលធ្វើម្ចាស់ផ្ទះ AFF Cup និងក្នុងបំណងសាងទំនុកចិត្តដល់អ្នកគាំទ្រឡើងវិញ។ អ្នកស្រីក៏បានបង្ហើបពីគម្រោងតែងតាំងគ្រូបង្គោលក្រុមធំបុរស បំពេញកៅអីទំនេរបន្សល់ដោយអតីតគ្រូបង្គោល Akira Nishino។
“ក្នុងក្រុមជម្រើសជាតិមិនថា គ្រូថៃ ឬគ្រូបរទេសទេ សុទ្ធតែមានឱកាសដូចៗគ្នា។ គ្រូបង្គោលក្រុម U23 នឹងត្រូវមាន Pro License, ក្រុម U23 ត្រូវតែទទួលបានកៅអីកំពូលតារាងពូល J នៃវគ្គជម្រុះ AFC Asian Cup 2022។ នេះជាការលើកឡើងពី Madam Pang ។
អ្នកស្រីបញ្ជាក់ថា នឹងទុកការងារក្លិបមួយឡែកសិនដើម្បីផ្ដោតលើការងារជម្រើសជាតិ ហើយនឹងធ្វើការដោយមិនលម្អៀង៕