ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលជប៉ុន ឬ J-League 1 រវាងក្រុម Shimizu S-Pulse និង Yokohama F Marinos កាលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ ត្រូវបានប្រសិទ្ធនាម “ទិវាកម្ពុជា ឬ Cambodia Day”។
ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានប្រសាសន៍ប្រាប់ AMS Sports ថា ការប្រសិទ្ធនាមការប្រកួតរវាងក្រុមទាំង២ខាងលើជា ទិវាកម្ពុជា ឬ Cambodia Dayគឺជាការផ្ដួចផ្ដើមដោយក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា និងជាអ្នកឧបត្ថម្ភមួយរបស់ក្លិបបាល់ទាត់ Shimizu S-Pulse។ មូលហេតុដោយសារតែក្រុមហ៊ុនដ៏ធំនេះមានបំណងផ្សព្វផ្សាយពីព្រះរាជាណាចក្រកម្ពុជាទៅដល់ទស្សនិកជនបាល់ទាត់ជប៉ុន និងប្រជាជនជប៉ុនឯទៀតបានដឹងពីកម្ពុជាកាន់តែច្រើន។ គោលបំណងមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកម្ពុជា ពេលបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ។
ក្រុមការងារស្ថានទូតកម្ពុជាបានចូលរួមពិធីបើកការប្រកួតនៅថ្ងៃដ៏វិសេសវិសាលនេះ ហើយឯកឧត្ដម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មានកិត្តិយសទាត់បាល់ជាកិច្ចចាប់ផ្តើមនៃការប្រកួត។ ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា ក៏បានអញ្ជើញក្នុងពិធីនេះដែរ ។
ការប្រកួតរវាង Shimizu S-Pulse និង Yokohama F Marinos នាកីឡដ្ឋាន IAI Stadium Nihondaira Shimizu បានបញ្ចប់ដោយលទ្ធផលស្មើគ្នា២ទល់នឹង២ពីមុខអ្នកទស្សនាជាង៨០០០នាក់។ ដូច្នេះគេអាចចាត់ទុកថា ទីលានបាល់ទាត់នៅខេត្ត Shizuoka មួយនេះជាកន្លែងប្រកួតមួយដែលបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយសារតែក្រុមហ៊ុនតៃកា (TAICA) បានព្រមព្រៀងជាមួយក្លិបបាល់ទាត់ Shimizu S-Pulse ដាក់អក្សរ Cambodia : Kingdom of Wonder ឬកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈលើខោរបស់ក្រុមតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ម្ល៉េះ។
ថ្ងៃទី៩ខែសីហាឆ្នាំ ២០២១ ក៏ជាថ្ងៃដ៏វិសេសវិសាលនៃការអនុវត្តនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សកម្មភាពជាទីមោទកភាពនេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងជប៉ុន៕